អាមេរិក៖ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគកូរ៉ូណាក្រុមហ៊ុន Facebook កំពុងបើកកម្មវិធីផ្ញើសាររបស់ខ្លួនទៅកាន់ អង្គការសុខភាព ដើម្បីរក្សាប្រជាជន ឲ្យយល់ដឹង អំពី ព័ត៌មានសំខាន់ៗអំពីជំងឺរាតត្បាតឆ្លងនេះ បើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នៅក្នុងការបង្ហោះប្លក់លើ Facebook បាននិយាយថា ខ្លួនកំពុងពង្រីកធនធានអ្នកអភិវឌ្ឍន៍របស់ខ្លួនទៅរដ្ឋាភិបាលដើម្បី ពួកគេអាចអភិវឌ្ឍកម្មវិធី និងរូបយន្តដែលមាន សមត្ថភាពជូនដំណឹងដល់មនុស្សនៅពេលមាន ការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធ។
ក្រុមហ៊ុនបានបន្តថា យើងកំពុងធ្វើជាដៃគូ ជាមួយសហគមន៍ អ្នកអភិវឌ្ឍន៍ របស់យើងដើម្បីផ្តល់សេវាឥតគិតថ្លៃ ដល់អង្គការសុខភាពរដ្ឋាភិបាល និងទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិដើម្បី ជួយពួកគេក្នុងការប្រើប្រាស់កម្មវិធីផ្ញើសារដើម្បីវាស់ស្ទង់ការឆ្លើយតប របស់ពួកគេចំពោះវិបត្ដិ COVID-19 ។
ក្នុងចំណោមរដ្ឋាភិបាល ដែលត្រូវចាប់ផ្តើម ទទួលយកអត្ថប្រយោជន៍ពីកម្មវិធីនេះគឺក្រសួងសុខាភិបាលអាហ្សង់ទីន ដែលកំពុងប្រើប្រាស់ Botmaker.com ដើម្បីបង្កើតកម្មវិធីមួយដែលអាចឆ្លើយសំណួរពីសាធារណជន អំពីជំងឺកូរ៉ូណា និងផ្តល់នូវដំបូន្មាន រហ័សនិងអាចទុកចិត្តបាននិងផ្លូវការ ២៤ ម៉ោង ក្នុងមួយថ្ងៃ។
យោងតាម Facebook បាននិយាថា រួមទាំងយូនីសេហ្វ “UNICEF” និងក្រសួងសុខាភិបាលប៉ាគីស្ថាន ក៏កំពុងប្រើកម្មវិធី ផ្ញើសារដើម្បីចែករម្លែកព័ត៌មាន។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបាន និយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា បទពិសោធន៍របស់កម្មវិធីផ្ញើសារអនុញ្ញាតឲ្យយើងគាំទ្រ និងបម្រើពលរដ្ឋដែល ស្វែងរកព័ត៌មានទាក់ទងនឹងវីរុសនេះ ខណៈបណ្តាញទូរស័ព្ទជំនួយរបស់យើង បើកសម្រាប់ករណីធ្ងន់ធ្ងរជាងនេះ ។
ដើម្បីជួយបង្កើនចំនួនដំណោះស្រាយ ដែលមានស្រាប់ ហ្វេសប៊ុកក៏ កំពុងតែបង្កើត“ hackathon” ដែលអ្នកអភិវឌ្ឍន៍ បង្កើតដំណោះស្រាយ ដែលផ្សព្វផ្សាយ ព័ត៌មានអប់រំរឺក៏ជួយភ្ជាប់ទំនាក់ទំនងមនុស្សក្នុង កំឡុងពេលសង្គម៕ ដោយ៖លី ភីលីព