បរទេស៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា មីស៊ីលបាញ់នាវាលឿន ជាងសម្លេង M-22 Tsirkon របស់ប្រទេសរុស្ស៊ី នឹងត្រូវបាញ់តេស្តសាកល្បង យ៉ាងតិចបំផុតចំនួន១០ដង នៅក្នុងពេលពីរបីខែ ខាងមុខនេះ នៅមុនពេលមីស៊ីលនេះ ត្រូវដាក់ចូលប្រើការ នៅក្នុងឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មីស៊ីលបាញ់នាវា ដែលមានល្បឿន ធ្វើដំណើរហោះបានដល់ទៅ ១១.១១៣គីឡូម៉ែត្រ ក្នុងមួយម៉ោងនេះ នឹងត្រូវបាញ់សាកល្បងចេញពីនាវាចម្បាំង និងនាវាមុជទឹក របស់ទ័ពជើងទឹក។
រាល់ការបាញ់តេស្ត មីស៊ីល Tsirkon នេះ នឹងវាយប្រហារគោលដៅ នៅលើគោកនិងក្នុងសមុទ្រ ហើយមីស៊ីល មានសមត្ថភាព អាចវាយប្រហារគោលដៅ ទាំងលើគោកនិងក្នុងសមុទ្រ នៅចម្ងាយជាង១.០០០គីឡូម៉ែត្រ ចំណែកល្បឿនលឿន ជាសម្លេងរបស់វា នឹងជួយវាឲ្យគេចផុតពី ប្រព័ន្ធការពារដែនអាកាសនានា ដែលដាក់ប្រើការក្នុងពេលបច្ចុប្បន្ននេះ នេះបើយោងតាមមន្ត្រីការពារជាតិ រុស្ស៊ីប្រាប់ឲ្យដឹង៕
ប្រែសម្រួល៖ប៉ាង កុង


