សេនហ្វ្រេនស៊ីស្កូ៖ សារព័ត៌មាន The Wall Street Journal បានដកស្រង់សម្ដីមនុស្សដឹង អំពីបញ្ហានេះថា ក្រុមហ៊ុន Apple កំពុងតែពន្យារពេល ការផលិតទូរស័ព្ទ iPhone ដែលលេចចេញមកនៅចុងឆ្នាំនេះ ប្រហែលមួយខែទៀត ដោយសារជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឲ្យតម្រូវការអតិថិជន នៅទូទាំងពិភពលោកចុះខ្សោយ និងបង្អាក់ការផលិត នៅទូទាំងតំបន់អាស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
របាយការណ៍នេះ បានបន្ថែមថា ក្រុមហ៊ុន Apple កំពុងជំរុញផែនការចេញលក់ iPhone ស៊េរីថ្មីចំនួន ៤ ម៉ូដែលនៅចុងឆ្នាំនេះ។ ម៉ូដែលថ្មី នឹងត្រូវដំណើរការ ដោយភ្ជាប់ប្រព័ន្ធ 5G តាមការសន្យាពេលវេលា ឆ្លើយតបទាប និងអ៊ីនធើណេតលឿន។ សារព័ត៌មាន Nikkei បានរាយការណ៍នៅចុងខែមីនាថា ក្រុមហ៊ុន Apple កំពុងត្រៀមពន្យារពេល ការដាក់លក់ទូរស័ព្ទ iPhone 5G ដំបូងរបស់ខ្លួន។
របាយការណ៍របស់ WSJ បានបន្ថែមថា ក្រុមហ៊ុន Apple កំពុងកាត់បន្ថយចំនួនទូរស័ព្ទខ្លួន គ្រោងនឹងផលិតនៅឆមាសទី ២ នៃឆ្នាំនេះឲ្យបាន ២០ ភាគរយ។ ក្រុមហ៊ុនដែលជាធម្មតា ដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីកាលពីខែកញ្ញា បានបញ្ចេញទូរស័ព្ទ iPhone តូចជាងមុនដែលមានតម្លៃ ៣៩៩ដុល្លារកាលពីដើមខែនេះ៕ ដោយ៖លី ភីលីព