បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការទប់ស្កាត់ប្រទេស អ៊ីរ៉ង់មិនឲ្យទិញអាវុធធម្មតានានា នៅពេលដែលបម្រាមនាំចូលអាវុធរបស់អង្គការសហប្រជាជាតិផុតកំណត់ នៅក្នុងខែតុលាខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងនឹងមិនបណ្ដោយឲ្យវាកើតមានឡើង នោះឡើយ”។
គួរបញ្ជាក់ថា បម្រាមមិនឲ្យលក់អាវុធធម្មតានានា ទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលនឹងត្រូវដល់ពេលផុតកំណត់នៅថ្ងៃទី២៣ ខែតុលាខាងមុខនោះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពហុជាតិកាលពីឆ្នាំ២០១៥ ដែលមានគោលបំណងទប់ស្កាត់មិនឲ្យទីក្រុងតេអេរ៉ង់អភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែ សម្រាប់ជាថ្នូរនៃការបន្ធូរបន្ថយទណ្ឌកម្ម៕ ប្រែសម្រួល៖ប៉ាង កុង

