បរទេស៖បរិវេណអគារថ្មីមួយ នៅជិតអាកាសយានដ្ឋានអន្តរជាតិព្យុងយ៉ាង គឺមានពាក់ព័ន្ធយ៉ាងពិតប្រាកដ ចំពោះកម្មវិធីមីស៊ីលកូរ៉េខាងជើង ដែលកំពុងតែរីកចម្រើនខ្លាំងឡើង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីក្រុមអ្នកវិភាគមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ហៅកាត់ថា CSIS លើកឡើងពីរូបភាពថតដោយផ្កាយរណប ដែលខ្លួននិយាយថា បង្ហាញឲ្យឃើញថា បរិវេណអគារនិងសំណង់ក្រោមដីដែលស្ថិតនៅក្បែរនោះ មានសមត្ថភាពអាចផ្ទុកមីស៊ីលផ្លោងឆ្លងទ្វីបដ៏ធំបំផុត ដែលអ្នកជំនាញជឿថា អាចវាយប្រហារគ្រប់ទីកន្លែងទាំងអស់ នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បរិវេណអគារនោះ បានស្ថិតនៅក្រោមការសាងសង់ តាំងពីឆ្នាំ២០១៦មកម្ល៉េះ និងរួមមាននូវលក្ខណៈពិសេសដ៏គួរឲ្យកត់សម្គាល់ជាច្រើននានា ដោយមានផ្លូវដែកធំខុសធម្មតា និងអគារដែលភ្ជាប់ដោយផ្លូវរថយន្តធ្វើដំណើរឆ្លងកាត់បាន ហើយក្រៅពីនេះ បរិវេណអគារនេះ ក៏ស្ថិតនៅជិតនឹងរោងចក្រផលិតបំណែកមីស៊ីលផ្លោង នៅក្នុងតំបន់ទីក្រុងព្យុងយ៉ាងផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង