វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានចាត់វិធានការថ្មី ក្នុងគោលបំណងរារាំង ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក សកលដល់ក្រុមហ៊ុន Huawei នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
នាយកដ្ឋានបានឲ្យដឹងថា ច្បាប់ថ្មីនេះដាក់កម្រិតលើសមត្ថភាព របស់ក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងសូហ្វវែរសហរដ្ឋអាមេរិក ដើម្បីរចនា និងផលិតឧបករណ៍ អេឡិចត្រូនិករបស់ខ្លួន នៅបរទេស។
ក្រុមហ៊ុនបរទេស ដែលប្រើឧបករណ៍ផលិតបន្ទះឈីប របស់សហរដ្ឋអាមេរិក នឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណ មុនពេលផ្គត់ផ្គង់របស់របរមួយចំនួន ដល់ក្រុមហ៊ុន Huawei ។
នាយកដ្ឋាននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា“ សេចក្តីប្រកាសនេះ កាត់បន្ថយកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Huawei ដើម្បីធ្វើឱ្យខូច ដល់ការគ្រប់គ្រងការនាំចេញ របស់សហរដ្ឋអាមេរិក” ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកក្រុមហ៊ុន Huawei ដែលជាមេដឹកនាំ នៅក្នុងបណ្តាញឥតខ្សែជំនាន់ថ្មី ដែលត្រូវបានគេស្គាល់ថា 5G ថាជាការគំរាមកំហែង សន្តិសុខជាតិ ដោយសង្ស័យថាឧបករណ៍ របស់វាអាចត្រូវបានប្រើ សម្រាប់ការរំលោភបំពាន ប៉ុន្ដែក្រុមហ៊ុន Huawei បានបដិសេធ ការចោទប្រកាន់បែបនេះ៕
ដោយ៖ ឈូក បូរ៉ា