បរទេស៖មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក Boeing Co. ទើបទទួលបានកំណែប្រែកុងត្រាមានទំហំជាទឹកប្រាក់២៧,៧លានដុល្លារ សម្រាប់ការគាំទ្រដល់យន្តហោះចារកម្ម P-8A Poseidon។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រា ដែលត្រូវបានប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍នោះ បានស្នើឲ្យធ្វើទំនើបកម្មចំពោះយន្តហោះ P-8A Poseidon របស់ទ័ពជើងទឹកអាមេរិក និងរបស់យោធាអង់គ្លេសនិងអូស្ត្រាលី។
គួរបញ្ជាក់ថា ភាគច្រើននៃការងារធ្វើទំនើបកម្មលើយន្តហោះ P-8A Poseidon នេះ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Seattle ជាមួយនឹងការងារបន្ថែមទៀតនៅក្នុងបរិវេណរបស់ក្រុមហ៊ុនប៊ូអ៊ីងពីរកន្លែងផ្សេងទៀត នៅសហរដ្ឋអាមេរិក និងនៅមូលដ្ឋានយោធាក្នុងប្រទេសអ៊ីតាលី ជប៉ុន និងបារ៉ែន៕ ប្រែសម្រួល៖ប៉ាង កុង