បច្ចេកវិទ្យា

តួកគី​ នឹងទិញយកប្រព័ន្ធ ការពារមីស៊ីល S-400 ពីរុស្ស៊ីបន្ថែមទៀត

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានរដ្ឋបាលឧស្សាហកម្ម ការពារជាតិតួកគី បាននិយាយប្រាប់ថា ប្រទេសតួកគីនឹងទិញ ប្រព័ន្ធការពារមីស៊ីល S-400 ដែលផលិតដោយរុស្ស៊ីបន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីដើមសប្ដាហ៍នេះ លោក Ismail Demir បានមានប្រសាសន៍ដូច្នេះថា “យើងមានការព្រមព្រៀងគ្នា ជាមូលដ្ឋានមួយ ស្តីពីការផ្គត់ផ្គង់កងទីពីរនៃប្រព័ន្ធ S-400 និងមានបញ្ហាបច្ចេកទេសខ្លះ ចំពោះប្រតិបត្តិការដឹកជញ្ជូន។ ក្រៅពីនេះ ទីក្រុងអង់ការ៉ា ក៏មានចំណាប់អារម្មណ៍ក្នុង សំណើទិញយកប្រព័ន្ធការពារ Patriot និង Eurosam ផងដែរ”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញប្រព័ន្ធការពារពីប្រទេសរុស្ស៊ី បានបង្កឲ្យមានវិបត្តិ ក្នុងចំណងមិត្តភាពអាមេរិក-តួកគី ដោយទីក្រុងវ៉ាស៊ីនតោន ទាមទារឲ្យបញ្ចប់ការទិញនោះ ដើម្បីជាថ្នូរសម្រាប់ឱកាសទិញ យកប្រព័ន្ធការពារអាមេរិក Patriot ហើយសហរដ្ឋអាមេរិក ក៏បានគម្រាមពន្យាពេល ឬក៏លុបចោលតែម្តងនូវការលក់យន្តហោះចម្បាំង F-35 ឲ្យប្រទេសតួកគី និងដាក់ទណ្ឌកម្ម ប៉ុន្តែទីក្រុងអង់ការ៉ា មិនបានឱនលំទោន ចំពោះសម្ពាធសហរដ្ឋអាមេរិកនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top