ចិន៖ទិន្នន័យពីក្រុមហ៊ុន ស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញថា ចំណែកទីផ្សារស្មាតហ្វូន របស់ក្រុមហ៊ុន Huawei បានវ៉ាដាច់ក្រុមហ៊ុន Samsung កាលខែមេសាដោយបានក្លាយជាក្រុមហ៊ុន ផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកជាលើកដំបូង យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កើនឡើងនៅពេលទីផ្សារចិនមានស្ថេរភាពហើយ តួលេខនេះបានកើនឡើងពី ១៧ ភាគរយនៅខែមីនាដល់ ២១,៤ ភាគរយនៅក្នុងខែមេសា។ វាត្រូវបានជំរុញជាចម្បង ដោយវត្តមានដ៏រឹងមាំរបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារប្រទេសចិនដែលបានងើបឡើងវិញ ជាលំដាប់ចាប់តាំងពីខែមីនា។ ទីផ្សារប្រទេសចិនបានរួមចំណែក ៧៦ ភាគរយដល់ការលក់សរុបរបស់ក្រុមហ៊ុន Huawei នៅខែមេសាឆ្នាំ ២០២០ ។
ម៉្យាងវិញទៀតក្រុមហ៊ុនSamsun ឃើញថា ចំណែកទីផ្សាររបស់ខ្លួនធ្លាក់ចុះដល់ ១៩,១ ភាគរយដោយសារតែការបិទទ្វារទាំងស្រុងនៅប្រទេសឥណ្ឌា និងតម្រូវការទាបសម្រាប់ស៊េរី S20 ចំពេលមានការរីករាលដាលនៃ COVID-១៩ ។
Counterpoint បានបន្តថា សរុបការចេញលក់ស្មាតហ្វូនទូទាំងពិភពលោកក្នុងខែមេសាមានចំនួន ៦៩,៣៧ លានគ្រឿងធ្លាក់ចុះ ៤១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការធ្លាក់ចុះនៅទូទាំងប្រទេស។
