បច្ចេកវិទ្យា

យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចូលរួម ជាមួយ យន្តហោះចម្បាំង ន័រវេស F-35 សម្រាប់ការហោះហើ រនៅតំបន់រង្វង់អាក់ទិក

បរទេស៖យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 Spirit តាមសេចក្តីរាយការណ៍ បានធ្វើការហ្វឹកហ្វាត់រួមបញ្ចូលគ្នានិងអន្តរប្រតិបត្តិការ ជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ប្រទេសន័រវេស នៅក្នុងអំឡុងបេសកកម្មយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រមួយ នៅខាងជើងតំបន់រង្វង់អាក់ទិក នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

នាយឧត្តមសេនីយ៍ លោក Jeff Harrigian ជាមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំនៅអឺរ៉ុបនិងកងកម្លាំងទ័ពអាកាសអាមេរិកនៅអាហ្វ្រិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “សមត្ថភាពនិងការរួមបញ្ចូលគ្នារបស់យន្តហោះចម្បាំងជំនាន់ទី៥របស់អង្គការណាតូ គឺមានសារៈសំខាន់សម្រាប់ឧត្តមភាពដែនអាកាស និងធ្វើឲ្យអាចមានការចូលរួមយ៉ាងជាក់លាក់ ក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់បំផុត ហើយប្រតិបត្តិការនិងការរួមបញ្ចូលគ្នា ជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង នៅក្នុងតំបន់អាក់ទិកនិងទីដទៃផ្សេងទៀតនោះ បង្ហាញឲ្យឃើញនិងពង្រឹងការប្តេជ្ញារួមគ្នារបស់យើង ចំពោះសន្តិសុខនិងស្ថិរភាពពិភពលោក”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា បេសកកម្មនាសប្ដាហ៍នេះ គឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្មរួមគ្នាតិចបំផុតចំនួន៥ រវាងយន្តហោះចម្បាំងរបស់ប្រទេសន័រវេសនិងយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់អាក់ទិក ក្នុងរយៈពេល៧ខែចុងក្រោយ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top