បរទេស៖សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី បានតេស្តសាកល្បងអាវុធបាញ់ផ្កាយរណបដែលមានមូលដ្ឋាននៅក្នុងអវកាស កាលពីដើមខែនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។
យោងតាមទីបញ្ជាការអវកាស សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែកក្កដា ប្រទេសរុស្ស៊ីបានបាញ់វត្ថុថ្មីមួយ ពីផ្កាយរណប Cosmos 2543 ដែលបានស្ថិតនៅក្នុងលំហតាំងពីឆ្នាំ២០១៩មកនោះ ចូលទៅក្នុងគន្លងលំហ ហើយទង្វើបែបនោះ គឺមិនស្របគ្នានឹងបេសកកម្មប្រព័ន្ធ ដែលជាផ្កាយរណបត្រួតពិនិត្យ។
ការិយាល័យគ្រប់គ្រងអាវុធ បញ្ជាក់និងអនុវត្តន៍របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ការតេស្តសាកល្បងមីស៊ីលរុស្ស៊ី ដែលរចនាឡើងសម្រាប់កម្ទេចផ្កាយរណបកាលពី២ថ្ងៃមុននោះ គឺជាមូលហេតុដែលសំណើរបស់ទីក្រុងមូស្គូ មិនមានភាពច្បាស់លាស់៕ ប្រែសម្រួល៖ប៉ាង កុង


