Google បានបញ្ឈប់ការផលិត និងលក់ស្មាតហ្វូន Flagship ម៉ូដែល Pixel 4 និង Pixel 4 XL របស់ខ្លួន ក្រោយពីប្រកាសចេញមិនទាន់បានមួយឆ្នាំផង ពោលបានប្រកាសចេញកាលពីខែតុលាឆ្នាំកន្លងទៅ។
Google បានបញ្ជាក់ថានៅហាង Google Store មិនមានស្តុក Pixel 4 និង 4 XL ទៀតនោះទេ ហើយអ្នកដែលចាប់អារម្មណ៍ចង់ទិញស្មាតហ្វូនទាំងពីរអាចស្វែងរកទិញពីដៃគូរបស់ Google ទាន់នៅមានស្តុក។ Google បានបញ្ជាក់ដែរថា Pixel 4 និង 4 XL នឹងបន្តទទួលបាន Software Update យ៉ាងហោចណាស់ ៣ឆ្នាំ គិតចាប់ពីពេលដាក់លក់លើ Google Store នៅអាមេរិក។
គួរដឹងថាពីមុន Google មិនដែលឈប់ផលិត និងលក់ស្មាតហ្វូនលឿនបែបនេះទេ។ Pixel 2 និង Pixel 3 មានផលិត និងដាក់លក់លើទីផ្សារប្រមាណជា ១៨ខែឯណោះ ដោយអ្នកស្នងតំណែងចេញមុខបានប្រមាណ ៦ខែ ទើប Google បញ្ឈប់ការផលិត និងលក់ស្មាតហ្វូនជំនាន់មុន។ នេះមានន័យថាបច្ចុប្បន្ននេះ Google មិនមានស្មាតហ្វូន Flahship លក់នោះទេ។
គួរដឹងថានៅថ្ងៃទី២០ ខែសីហាខាងមុខ Google នឹងបញ្ចេញលក់ស្មាតហ្វូន Pixel 4a លើទីផ្សារជាផ្លូវការ ហើយក្រុមហ៊ុនបានបញ្ជាក់ថា Pixel 4a 5G រួមជាមួយ Pixel 5 នឹងបង្ហាញមុខនៅអំឡុងចុងឆ្នាំនេះ៕
ប្រភព៖Sabay