រថយន្ត Lexus ត្រកូល LX ទទួលបានការអាប់ដេតជាច្រើន សម្រាប់ស៊េរីឆ្នាំ២០២១ថ្មី ព្រមទាំងថែមប្រភេទផលិត មានចំនួនកំណត់ទៀតផង។
បើនិយាយពីរូបរាងវិញ សឹងតែគ្មានការផ្លាស់ប្តូរ ប៉ុន្តែឥឡូវនេះ SUV ខ្នាតធំខាងលើអាចភ្ជាប់មុខងារ Amazon Alexa ក៏ដូចជាបំពាក់ពូកស្បែក ពណ៌ការ៉ុត Glazed Caramel ថ្មីផងដែរ។ ចំណែកឯពណ៌ផ្នែកខាងក្រៅវិញ Lexus បានបន្ថែមពណ៌បៃតងចាស់ថ្មីមួយ ហៅថា Nori Green Pearl។


អ្វីដែលជាការផ្លាស់ប្តូរធំបំផុត សម្រាប់ ត្រកូល LX ក្នុងឆ្នាំ២០២១ គឺការបន្ថែមប្រភេទ Inspiration Series ដែលនឹងត្រូវផលិតមានកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។ Lexus LX Inspiration Series នឹងមានតួខ្លួនពណ៌ខ្មៅ Black Onyx ឬ ស White Pearl ព្រមទាំងតុបតែងពណ៌ខ្មៅពេញមួយតួខ្លួន ដូចជា ប៉ាណាមុខ, ចង្កៀង, ស៊ុមកញ្ចក់, ក្រូមេខ្មៅ, ឡូហ្គូ, ដៃទ្វា និងយ៉ាន់ទំហំ ២១អ៊ីញពណ៌ខ្មៅ ផងដែរ។

ទោះជាយ៉ាងណា LX គ្រប់ប្រភេទ នៅតែបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ Lexus មិនទាន់បានបង្ហាញ ពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែ LX ឆ្នាំ២០២១ នឹងចេញលក់នៅចុងឆ្នាំនេះ៕
ប្រភព៖ carscoops ប្រែសម្រួល៖ សេង ឡុង
