Koenigsegg Jesko គឺជាកំពូលរថយន្តដ៏អស្ចារ្យមួយ ដែលមានកម្លាំងរហូតដល់ទៅ ១ ២៨០សេះ ឬអាចឡើងដល់ ១ ៦០០សេះ ប្រើចាក់ប្រេង E85។ មិនតែប៉ុណ្ណោះ វាមានទម្ងន់ត្រឹមតែ ១ ៤២០គីឡូក្រាម ហើយអាចបើកដល់ល្បឿនអតិបរមា ៥៣១គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
ដោយឡែក បើសិនជាងាកមើលតម្លៃរបស់វាវិញ ក៏អាចនឹងធ្វើឲ្យយើងភ្ជាក់ផ្អើលដែរ គឺជិត ៣លានដុល្លារ សម្រាប់ម៉ូដែល Jesko ធម្មតា និងលើស ៤លានដុល្លារ សម្រាប់ម៉ូដែល Jesko Absolut។

អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ប្រសិនបើអ្នក ជ្រើសរើសពណ៌តួខ្លួនសុទ្ធៗធម្មតាលើរថយន្ត Koenigsegg Jesko នេះ គឺមិនត្រូវចំណាយលុយបន្ថែមឡើយ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើស Option ពណ៌ Metallic នោះត្រូវចាយលុយថែម ១៣ ៩០០ដុល្លារ, បើពណ៌ Pearl វិញគឺ ២៤ ៨០០ដុល្លារ និង ៦៣ ៣០០ដុល្លារ សម្រាប់២ពណ៌លាយគ្នា។

ជាមួយគ្នានេះដែរ Koenigsegg ក៏ផ្តល់ជម្រើស Option តួខ្លួន Carbon Fiber ដែរ ដោយវាមានតម្លៃចាប់ពី ២៩២ ០០០ដុល្លារ សម្រាប់ប្រភេទ Basic Clear-Coat ធម្មតា, ៣៤៦ ១០០ដុល្លារ សម្រាប់ Color-Tinted Clear Coats និងឡើងរហូតដល់ ៤៤៣ ៤០០ដុល្លារ សម្រាប់ Koenigsegg Naked Carbon៕ ប្រភព៖ Carbuzz ប្រែសម្រួល៖ សេង ឡុង

