បច្ចេកវិទ្យា

គ្រុបមួយមានសមាជិក ១លាននាក់ ត្រូវ Facebook បិទមិនឲ្យចូលបាន

Facebook បាន​បិទ​​​​​ការ​ Access​ ​របស់​អ្នក​ប្រើ​ប្រាស់​ប្រទេស​ថៃ ​ក្នុង​ការ​ចូល​ទៅ​កាន់​ Group មួយ​​មាន​សមាជិក​ខ្ទង់ ១​លាន​នាក់ ដែល​ក្នុង​នោះ​មាន​មាតិកា​ដែល​និយាយ​រិះគន់​ព្រះមហាក្សត្រ​ប្រទេស​ថៃ ក្រោយ​ពី Facebook រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ថៃ។

ប្រទេស​ថៃ​មាន​ច្បាប់​សម្រាប់​ទប់ទល់​នឹង​ការ​រិះគន់​ព្រះមហាក្សត្រ​ ដែល​មាន​ដាក់​ពិន័យ​ឲ្យ​ជាប់​​ពន្ធាគារ​រហូត​ដល់​ ១៥​ឆ្នាំ​ឯណោះ។ កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា រដ្ឋាភិបាល​ថៃ​បាន​ទុក​ពេល​ឲ្យ Facebook ប្រមាណ​ពីរ​សប្ដាហ៍​ក្នុង​ការ​អនុលោម​ទៅ​តាម​​បទ​បញ្ជា​ដែល​គម្រាម​បិទ​ Facebook ឬ​ពិន័យ Facebook ប្រមាណ ៦ ៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្រោម​ច្បាប់​ឧក្រិដ្ឋ​កុំព្យូទ័រ​របស់​ថៃ ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ ២០១៦។

ក្រុម​ដែល Facebook បាន​បិទ​មាន​ឈ្មោះ​ថា Royalist Marketplace ដែល​បង្កើត​ក្នុង​ខែ​មេសា ដោយ​​បណ្ឌិត​ Pavin Chachavalpongpun អ្នក​រិះគន់​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​ថៃ ដែល​បច្ចុប្បន្ន​លោក​រស់​នៅ​ប្រទេស​ជប៉ុន។

យ៉ាងណាក្ដី Facebook បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​រៀប​ចំ​ខ្លួន​ត​តាំង​តាម​ផ្លូវ​ច្បាប់​​ជា​មួយ​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ការពារ​សិទ្ធ​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​គ្រប់​គ្នា៕​​​​

ប្រភព៖sabay

Most Popular

To Top