កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតចិនចំនួន ២៧៥ ជាលទ្ធផលឥណ្ឌាបានសម្រេចបិទកម្មវិធីចំនួន ១១៨ កាលពីថ្ងៃទី២ កញ្ញា ២០២០ នេះ ហើយក្នុងចំណោមកម្មវិធីដែលត្រូវបានបិទទាំងនោះ មាន៣កម្មវិធី ដែលជារបស់ក្រុមហ៊ុន Alibaba គឺ Alipay Taobao និង Youku ព្រមទាំងកម្មវិធីថតរូបភាព Ulike និងហ្គេម PUBG Mobile ដែលមានអ្នកប្រើប្រាស់ដល់ទៅជាង ៤០លាននាក់ នៅក្នុងប្រទេសឥណ្ឌា។
គួររំឭកផងដែរថាកាលពីខែមិថុនា ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធី ដែលមានប្រភពពីប្រទេសនេះចំនួន ១៧៧ រួចហើយ។
រដ្ឋាភិបាលប្រទេសឥណ្ឌាបានថ្លែងថា ពួកគេបានទទួលនូវសេចក្ដីរាយការណ៍នូវភាពមិនប្រក្រតី ទាក់ទងនឹងកម្មវិធីទាំងនេះ ថាបានលួចយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ក្រសួងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាក៏បានបន្ថែមថា ការលួចយកទិន្នន័យទាំងនេះគឺវាមានការប៉ះពាល់ទៅលើសន្តិសុខជាតិ និងអធិបតេយ្យភាពរបស់ប្រទេសឥណ្ឌា។ ម្យ៉ាងវិញទៀតប្រទេសនេះកំពុងតែតាក់តែង បទបញ្ជាដែលទាមទារឱ្យក្រុមហ៊ុនមានការអនុញ្ញាតពីអ្នកប្រើប្រាស់មុនដែលពួកគេអាចប្រើទិន្នន័យឯកជនភាពទាំងនោះបាន។
សូមបញ្ជាក់បន្ថែមទៀតថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ៕
ប្រភព៖sabay