បរទេស៖ កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានរចនាផលិត និងហោះហើរយ៉ាងហោចណាស់គម្រូយន្តហោះចម្បាំងជំនាន់ថ្មី របស់ខ្លួនមួយគ្រឿង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោក Will Roper ជាប្រធានផ្នែកទិញរបស់កងកម្លាំងទ័ពអាកាសអាមេរិក បាននិយាយប្រាប់កាសែត Defence News ថា “យើងបានផលិតនិងហោះហើររួចហើយជាទ្រង់ទ្រាយធំ ក្នុងពិភពលោកពិត ហើយយើងបានបំបែកកំណត់ត្រាក្នុងការធ្វើវា។ យើងត្រៀមខ្លួនបន្តនិងធ្វើការផលិតយន្តហោះជំនាន់ថ្មី ក្នុងផ្លូវមួយដែលមិនធ្លាប់មានពីមុនមក”។
គួរបញ្ជាក់ថា ការអភិវឌ្ឍផលិតគម្រូយន្តហោះចម្បាំងនេះ គឺត្រូវបានធ្វើឡើងដោយសម្ងាត់ ហើយសេចក្តីលម្អិតផ្សេងទៀត នឹងទំនងនៅតែស្ថិតក្រោមលាក់បាំងនៅឡើយ ដោយសារតែការចាត់ថ្នាក់របស់កម្មវិធីគ្រប់ដណ្ដប់ផ្នែកដែនអាកាសជំនាន់ថ្មីរបស់កងទ័ពអាកាស ទាក់ទងជាមួយប្រព័ន្ធសង្គ្រាមដែនអាកាស ដែលអាចរួមបញ្ចូលទាំងយន្តហោះចម្បាំង កូនដ្រូន និងប្រព័ន្ធផ្សេងទៀត៕