បច្ចេកវិទ្យា

YouTube ជួលមនុស្សមកធ្វើការវិញ ក្រោយពី AI ធ្វើការលើសពេក

YouTube បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​នាំ​យក​អ្នក​​ត្រួត​ពិនិត្យ​ជា​មនុស្ស​ពិត​ ដែល​បាន​ផ្អាក​ពី​ការងារ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ ត្រឡប់​មក​បម្រើ​ការងារ​ដើម​វិញ បន្ទាប់​ពី​ AI របស់​ YouTube ធ្វើ​ការ​លើស​ពី​ធម្មតា។

កាល​ពី​ខែ​មីនា​ YouTube បាន​និយាយ​ថា​ខ្លួន​បាន​ពឹង​ផ្អែក​កាន់​តែ​ច្រើន​លើ​ប្រព័ន្ធ AI ដើម្បី​ដាក់​កំណត់​សម្គាល់ និង​លុប​វីដេអូ​ណា​ដែល​ល្មើស​នឹង​​គោលការណ៍​​របស់​ YouTube ក្នុង​នោះ​មាន​ដូច​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​រើសអើង​ជា​ដើម។ ប៉ុន្តែ YouTube បាន​ប្រាប់​សារព័ត៌មាន Financial Times នា​សប្ដាហ៍​នេះ​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្រើន​ពេក បាន​ធ្វើ​ឲ្យ​​ចំនួន​វីដេអូ​ដែល​​ត្រូវ​ដក​ចេញ​មាន​​ការ​កើន​ឡើង​ខុស​ពី​ធម្មតា និង​មាន​ការ​ដក​ចេញ​​ទាំង​ដែល​វីដេអូ​មិន​មាន​ខុស​គោលការណ៍​​ផង​ដែរ។

នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា​ មាន​វីដេអូ​ប្រមាណ ១១​លាន​វីដេអូ ត្រូវ​បាន​លុប​ចេញ​ពី YouTube ដែល​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​កម្រិត​ធម្មតា។ ក្នុង​ចំណោម​វីដេអូ​ទាំង​នោះ​ មាន​ប្រមាណ ៣២​ម៉ឺន​វីដេអូ ត្រូវ​បាន​ម្ចាស់​វីដេអូ​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ ​ដោយ​ក្នុង​នោះ​​មាន​​ចំនួន​ពាក់​កណ្ដាល​ដែល​បាន​វិល​ត្រឡប់​មក​ដូច​ដើម​វិញ។ Financial Times និយាយ​ថា​ តួ​លេខ​នេះ​គឺ​ច្រើន​ជាង​កម្រិត​ធម្មតា​ទ្វេ​ដង​​ដូច​គ្នា ដែល​ជា​សញ្ញា​បង្ហាញ​ថា​ប្រព័ន្ធ AI ធ្វើ​ការ​លើស​ក្នុង​ការ​ចាប់​​វីដេអូ​ដែល​ល្មើស​គោលការណ៍៕
ដោយ ៖ sabay

Most Popular

To Top