តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនមានគោលបំណងចូលរួមនៅប្រហែលពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ក្នុងការរុករកលើភពព្រះច័ន្ទដោយប្រើប្រាស់អ៊ីដ្រូសែនដែលបង្កើតដោយទឹកទាញចេញពីស្រទាប់ទឹកកករបស់ព្រះច័ន្ទជាឥន្ធនៈយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការប្រើប្រាស់ប្រេងដែលទទួលបានពីទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយបើប្រៀបធៀបនឹងការដឹកជញ្ជូនឥន្ធនៈពីផែនដី ខណៈទឹករាវមិនមាននៅលើផ្ទៃព្រះចន្ទ ដោយការស្រាវជ្រាវពីមុនបានបង្ហាញថា វាអាចមានទឹកកកនៅរណ្តៅដីមួយក្បែរបង្គោលខាងត្បូងនៃភពព្រះច័ន្ទមិន បានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
ប្រទេសជប៉ុនគ្រោងនឹងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការបង្កើតស្ថានីយ៍អវកាសទៅភពព្រះច័ន្ទនៅឆ្នាំ ២០២០ និងសាងសង់នៅប្រហែលឆ្នាំ ២០៣៥ នូវរោងចក្រប្រេងឥន្ធនៈមួយនៅបង្គោលភពព្រះច័ន្ទ។ យោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុនបានឲ្យដឹងថា ឥន្ធនៈនេះនឹងត្រូវប្រើនៅក្នុងយានអវកាសអាចប្រើឡើងវិញបានដែលអាចដឹកអវកាសយានិកចំនួន ៤ នាក់ទៅ និងចេញពីក្លោងទ្វារនិងយានដឹកជញ្ជូនអាចធ្វើដំណើរបានចម្ងាយ ១.០០០ គីឡូម៉ែត្រនៅលើភពព្រះច័ន្ទ។
ឥន្ធនៈដែលទទួលបានពីទឹកត្រូវបានបង្កើតឡើងដោយបំបែកទឹកដំបូងទៅក្នុងសមាសធាតុអុកស៊ីសែន និងអ៊ីដ្រូសែនដោយប្រើកោសិកាពន្លឺព្រះអាទិត្យ។ ថាមពលត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលពួកវាឡើងវិញ។ រថយន្តដឹកជញ្ជូននឹងអនុញ្ញាតឲ្យអវកាសយានិករុករកផ្ទៃលើភពព្រះចន្ទគ្រោងនឹងដឹកមនុស្សពី ២ ទៅ ៤ នាក់ ដោយសារព្រះច័ន្ទមានទំនាញផែនដីខ្សោយវានឹងផ្លាស់ទីដោយលោតលើផ្ទៃមុខជំនួសដោយកង់។
យោងតាមការប៉ាន់ស្មានរបស់ JAXA ថា ទឹកចំនួន ៣៧ តោនគឺចាំបាច់សម្រាប់ការធ្វើដំណើរទៅនិងចេញពីក្លោងទ្វារ ខណៈ ២១ តោនត្រូវការសម្រាប់ដំណើររុករកនៅលើផ្ទៃនីមួយៗ។ ទីភ្នាក់ងារនេះជឿជាក់ថាវា នឹងមានតម្លៃថោកជាងក្នុងការប្រើប្រាស់ឥន្ធនៈបានបង្កើតជាមួយទឹករបស់ព្រះច័ន្ទជាជាងការនាំទឹកពីផែនដីប្រសិនបើមាន ការរុករកពី ៥ ទៅ ៧ គ្រឿង៕