វ៉ាស៊ីនតោន៖ អវកាសយានិកជប៉ុន Soichi Noguchi និងមិត្តភក្តិជនជាតិអាមេរិក របស់លោកបានសម្តែងការត្រៀមខ្លួន និងរំភើប ក្នុងការហោះហើរ ជាមួយយានអវកាសមួយ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន ផលិតអវកាសអាមេរិក SpaceX ដែលបច្ចុប្បន្ន គ្រោងនឹងហោះឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Noguchi បានថ្លែងនៅក្នុង សន្និសីទកាសែតរួមគ្នាជាមួយនាវិកថា យើងបានត្រៀមរួចរាល់ ក្នុងការហោះហើរ គឺជាបេសកកម្មលើកទី ២ សម្រាប់យានអវកាសរបស់ SpaceX ខណៈការចង្អុលបង្ហាញ ពីភាពខុសគ្នានៃសមាជិកក្រុម ដែលមានបទពិសោធ និងប្រវត្តិផ្សេងៗគ្នា ជាកម្លាំងរបស់ពួកគេ។
បេសកកម្មនាពេលខាងមុខនេះ នឹងសម្គាល់ជាលើកដំបូង នៃការហោះហើរ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយប្រព័ន្ធដឹកជញ្ជូននាវិកថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ SpaceX បន្ទាប់ពីការបញ្ជាក់របស់ខ្លួន ដោយរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ។
នៅពេលចាប់ផ្តើមដំបូង ជាមួយអវកាសយានិក នៃយានអវកាស Crew Dragon កាលពីខែឧសភា SpaceX បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ដែលបានបាញ់បង្ហោះមនុស្ស ចូលទៅក្នុងតារាវិថី ប្រកបដោយជោគជ័យ។ អវកាសយានិករបស់ណាសា២នាក់ បានវិលត្រឡប់ដោយសុវត្ថិភាព កាលពីខែសីហា។
លោក Jim Bridenstine អ្នកគ្រប់គ្រង ទីភ្នាក់ងារណាសា បាននិយាយថា បេសកកម្មនាវិក បន្ទាប់នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត ក្នុងការអភិវឌ្ឍសមត្ថភាពរបស់អាមេរិក ក្នុងការបាញ់បង្ហោះអវកាសយានិកអាមេរិក នៅក្នុងរ៉ុក្កែតអាមេរិកពីដី របស់ប្រទេស ចាប់តាំងពីការបញ្ចប់ កម្មវិធីអវកាសនៅឆ្នាំ ២០១១ ។
លោកក៏បានចង្អុលបង្ហាញ ពីសារសំខាន់ នៃការមាននាវិកអន្តរជាតិម្នាក់ គឺលោក Noguchi ចូលរួមបេសកកម្ម និងសារសំខាន់ នៃការបញ្ជូនអវកាសយានិកបន្ថែមទៀត ទៅកាន់ ISS បង្កើនសមត្ថភាព សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ លើមន្ទីរពិសោធន៍គន្លងគោចរ៕ ដោយ៖លី ភីលីព