បច្ចេកវិទ្យា

មើលយានអវកាស​ អាមេរិកខួងយកសំណាក ដ៏កម្រពីអាចម៍ផ្កាយ

យានអវកាសមួយរបស់អង្គការ ណាសា បានចុះចតលើផ្ទៃអាចម៍ផ្កាយមួយ កាលពីថ្ងៃអង្គារ ទី២០តុលា ដោយសំចតលើដុំថ្ម អវកាសទំហំប៉ុនអគារនេះមួយភ្លែត ដើម្បីប្រមូលបំណែកលោហធាតុ មួយក្តាប់តូចត្រឡប់មកផែនដីវិញ។

វាជាលើកដំបូង ហើយសម្រាប់សហរដ្ឋអាម៉េរិក ដែលចតយានលើអាចម៍ផ្កាយ ។ ពីមុនមកមានតែជប៉ុនទេ ដែលធ្លាប់ប្រមូលយកសំណាកអាចម៍ផ្កាយ។

អ្នកគ្រប់គ្រងការបញ្ជាយាន បានប្រកាសទៅហ្វូងមនុស្ស ដែលទះដៃអបអរ យ៉ាងដូច្នេះថា “យានចុះចតហើយ។ ដំណើរការយកសំណាកគំរូកំពុងដំណើរការ”។

ការបញ្ជាក់នេះធ្វើឡើង ចេញពីយានអវកាស Osiris-Rex នៅពេលដែលវាចុះលើផ្ទៃអាចម៍ផ្កាយ Bennu ដែលមានចម្ងាយជាង ៣២២ លានគីឡូម៉ែត្រពីផែនដី។ ប៉ុន្តែវាអាចមានរយៈ ពេលមួយសប្តាហ៍ មុនពេលអ្នកវិទ្យាសាស្ត្រដឹងថា តើយានប្រមូលបានសំណាកចំនួនប៉ុន្មាន និងតើត្រូវព្យាយាមប្រមូល វាម្តងទៀតជាចាំបាច់ឬអត់។ ប្រសិនបើទទួលជោគជ័យ យាន Osiris-Rex នឹងប្រមូលសំណាកទាំងនោះត្រឡប់ មកផែនដីវិញក្នុងឆ្នាំ ២០២៣ ។

ប្រធានអ្នកវិទ្យាសាស្ត្រ លោក ដេន ឡូរ៉េតតា មកពីសាកលវិទ្យាល័យអារីហ្សូណា និយាយថា “ខ្ញុំសឹងតែមិនជឿថាយើងអាចសម្រេចរឿងដូច្នេះបាន។ យានអវកាសនេះបាន ធ្វើអ្វីគ្រប់យ៉ាងតាមការគ្រោងទុក”។

យានអវកាស Osiris-Rex បានចំណាយពេល ៤ ម៉ោងកន្លះដើម្បីចុះចតពីគន្លង ដ៏តឹងរបស់វានៅជុំវិញអាចម៍ផ្កាយ Bennu បន្ទាប់ពីការបញ្ជាពីចម្ងាយ ដោយអ្នកត្រួតពិនិត្យ នៅលើផែនដីនៅជិតទីក្រុងដេនវើ ៕

Most Popular

To Top