ចិន៖យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Canalys ជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi បានអះអាងថាទទួលបានចំណាត់ថ្នាក់លេខ ៣ តាមរយៈការនាំចេញស្មាតហ្វូនទូទាំងពិភពលោកដោយឈានដល់ចំនួន ៤៧,១ លានគ្រឿងដែលត្រូវបានចែកចាយទូទាំងពិភពលោកនៅត្រីមាសទី ៣ កើនឡើង ៤៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
បើយោងតាមសារព័ត៌មាន Beijing News ថា នេះគឺជាលើកទី ២ ហើយដែលយីហោស្មាតហ្វូននេះបានកាន់កាប់តំណែងបែបនេះបន្ទាប់ពីបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ។ លោក Mo Jia អ្នកវិភាគនៅក្រុមហ៊ុន Canalys បានមានប្រសាសន៍ថា ក្រុមហ៊ុន Xiaomi បានប្រតិបត្តិជាមួយនឹងការឈ្លានពានដើម្បីដណ្តើមការនាំចេញពីក្រុមហ៊ុន Huawei ។
លោកបានបន្តថា វាមានភាពស៊ីមេទ្រីនៅក្នុងត្រីមាសទី ៣ ព្រោះថា ក្រុមហ៊ុន Xiaomi បានបន្ថែមចំនួន ១៤.៥ លានគ្រឿង ហើយក្រុមហ៊ុន Huawei ខាតបង់ ១៥,១ លានគ្រឿង ចំណែកនៅអឺរ៉ុបដែលជាសមរភូមិសំខាន់ការនាំចេញរបស់ក្រុមហ៊ុន Huawei ធ្លាក់ចុះ ២៥ ភាគរយ ខណៈក្រុមហ៊ុន Xiaomi កើនឡើង ៨៨ ភាគរយ” ។
យោងតាមគេហទំព័រ Canalys បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Huawei បានធ្លាក់មកលំដាប់ទី ២ ជាមួយនឹងការធ្លាក់ចុះ ២៣ ភាគរយស្មើនឹង ៥១,៧ លានគ្រឿងនៅទូទាំងពិភពលោកនោះក្រុមហ៊ុន Samsung ទទួលបានការនាំមុខកើនឡើង ២ ភាគរយដល់ ៨០,២ លានគ្រឿង៕