តូក្យូ៖ប្រភពពីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលជប៉ុនគ្រោង នឹងពង្រឹងការគាំទ្រសម្រាប់ការអភិវឌ្ឍអាគុយរថយន្តជំនាន់ក្រោយ ព្រោះវាមានគោលបំណង ពង្រីកការប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រសួងឧស្សាហកម្មនឹងរាប់បញ្ចូលការគាំទ្រ សម្រាប់ការអភិវឌ្ឍថ្មនៅក្នុងផែនការសកម្មភាពមួយដែលខ្លួនមានបំណងចងក្រងនៅចុងឆ្នាំនេះ បន្ទាប់ពីការសន្យារបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសជប៉ុនឲ្យធ្លាក់ចុះដល់សូន្យត្រឹមឆ្នាំ ២០៥០ ។
អាគុយចំណាយប្រហែល ៣០ ភាគរយ នៃការចំណាយដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី និងមានឥទ្ធិពលដោយផ្ទាល់ទៅលើដំណើរការរបស់រថយន្ត។ ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មនឹងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា នៃអាគុយរឹងដែលត្រូវបានគេជឿជាក់ថា អាចជួយកែលម្អកម្រិតបើកបររបស់ EV និងសាកបាន លឿនជាងអាគុយលីចូម – អ៊ីយ៉ុងដែលមានស្រាប់៕ដោយ៖លី ភីលីព