ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃពុធបានប្រឆាំង ដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការដែលបានអនុម័តដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងការលក់យន្តហោះដ្រូនពីលើអាកាសដល់កោះតៃវ៉ាន់។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកោះតៃវ៉ាន់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ចិនតែមួយ និងគោលការណ៍ចិន-អាមេរិកចំនួន ៣ ។
លោកបានបន្ថែមទៀតថា សកម្មភាពនេះ ធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពសន្តិសុខ និងបូរណភាពទឹកដីរបស់ចិន យ៉ាងធ្ងន់ធ្ងរប្រឈមនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធាទាំងពីរ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យរូបនោះបានកត់សម្គាល់ថា បញ្ហាកោះតៃវ៉ាន់ ទាក់ទងទៅនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយយកចិត្តទុកដាក់ដល់ផលប្រយោជន៍ស្នូលរបស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែក ពីបរទេសឡើយ៕ដោយ ឈូក បូរ៉ា