កាលពីពេលថ្មីៗកន្លងទៅនេះ Lamborghini បានអបអរសាទរនូវជោគជ័យដ៏សំខាន់មួយ គឺការផលិតរថយន្ត Aventador បានសរុប ១០ ០០០គ្រឿង នៅរោងចក្រ Sant’Agata Bolognese។

Aventador គ្រឿងទី១ម៉ឺននោះ គឺជាម៉ូដែល SVJ Roadster ដែលមានតួខ្លួនពណ៌ប្រផេះ Grigio Acheso និង កាប៊ីនខាងក្នុងពណ៌ក្រហម Rosso Mimir ហើយរថយន្តនោះនឹងត្រូវដឹកទៅកាន់ប្រទេសថៃ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ម្ចាស់រថយន្តខាងលើនេះ ការពិតគឺជាជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ។(រូបភាព ៖ Petrolheads Nation)
ថ្វីបើប្រភពមិនបានបង្ហាញពីអត្តសញ្ញាណរបស់គេក្តី ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា គេថែមទាំងមានកំពូលរថយន្តស្ព័រផ្សេងទៀត ដូចជា Ferrari LaFerrari និង Bugatti Chiron Sport 110 Year Edition ផងដែរ។

រថយន្តបើកដំបូលខាងលើ មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ Naturally Aspirated V12 មានកម្លាំង ៧៥៩សេះ ដំណើរការដោយប្រអប់លេខ ៧វគ្គ និងប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។(រូបភាព ៖ Petrolheads Nation)
Aventador បានចាប់ផ្តើមចូលសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០១១ ដោយនៅពេលនោះមានតែប្រភេទ Coupe កម្លាំង ៦៩០សេះប៉ុណ្ណោះ។ ក្រោយមកប្រភេទបើកដំបូល Roadster ក៏បានចេញនៅក្នុងឆ្នាំ២០១២៕
ប្រភព៖ sabay
