វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac កំពុងធ្វើតេស្ត នៅក្នុងប្រទេសចំនួន ៣គឺប្រទេស ប្រេស៊ីល តួកគី និង ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមចេញផ្សាយ របស់សារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានធ្វើសេចក្តីប្រកាសមួយ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានទទួលវ៉ាក់ស៊ាំង កូវីដ១៩ ពីក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ជាលើកដំបូងចំនួន ១,២លានដូស កាលពី ខែសីហា កន្លងទៅនេះ។ ប្រទេសចំនួន ២ ទៀត ដែលទទួលបានវ៉ាក់ស៊ាំងកូវីដ១៩ មកធ្វើតេស្ត ក្នុងនោះ សម្រាប់ ប្រេស៊ីល លទ្ធផលនៃការធ្វើតេស្តជារួម នឹងត្រូវចេញនៅពាក់កណ្តាលខែធ្នូនេះ។
លោក ចូកូ វីដូដូ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ី ត្រៀមទទួលវ៉ាក់សាំងដដែលនេះ ចំនួន ១,៨លានដូសទៀត នៅដើមខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសធំជាងគេនៅអាស៊ាន ដែលមានប្រជាជនសរុប ២៧០លាននាក់មួយនេះរំពឹងថា ខ្លួននឹងទទួលបានវត្ថុធាតុដើមសំខាន់ៗ ដើម្បីផលិតវ៉ាក់សាំង COVID-19 នៅក្នុងស្រុកតែម្តង ឲ្យបានរហូតដល់ ៣០លានដូសនៅក្នុងខែមករា ឆ្នាំ២០២០។ បច្ចុប្បន្នឥណ្ឌូណេស៊ីមានករណីឆ្លង ជំងឺរាតត្បាតសកលនេះ សរុបជាងកន្លះលាននាក់ ក្នុងនោះស្លាប់ជាង ១៧,៧០០នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍៕sabay