បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានតេស្តបាញ់បង្ហោះយ៉ាងជោគជ័យ នូវរ៉ុកកែតអវកាសធុនធ្ងន់ Angara A5 របស់ខ្លួន ក្រោយការផ្អាកទំនេរ អស់រយៈពេល៦ឆ្នាំ ក្នុងគម្រោងមួយ ដែលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ពិពណ៌នាថា មានភាពសំខាន់ខ្លាំង សម្រាប់សន្តិសុខជាតិ។
ដោយត្រូវបានបាញ់តេស្តជាលើកដំបូង នៅក្នុងឆ្នាំ២០១៤នោះ វាត្រូវបានគេកំពុងតែអភិវឌ្ឍ ដើម្បីប្រើជំនួសរ៉ុកកែតធុនធ្ងន់ Proton M របស់រុស្ស៊ី ដែលមានសមត្ថភាព អាចផ្ទុកនាំយកទំនិញ មានទម្ងន់ជាង២០តោន ហោះចូលទៅក្នុងគន្លងលំហ ហើយទម្របាញ់បង្ហោះ សម្រាប់រ៉ុកកែតថ្មី នឹងត្រូវបើក នៅក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ថា រ៉ុកកែត Angara នេះ ត្រូវបានខកខានជាយូរ ដោយសារតែការយឺតយ៉ាវ ផ្នែកការផលិត និងបញ្ហាផ្នែកបច្ចេកទេស ប៉ុន្តែក្រសួងការពារជាតិ និងទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ី បាននិយាយថា ការតេស្តបាញ់បង្ហោះសាកល្បង ចេញពីវាលបង្ហោះតារាសាស្ត្រ Plesetsk នៅភាគពាយព្យនៃប្រទេស នាថ្ងៃចន្ទនេះ គឺទទួលបានជោគជ័យហើយ៕ ប្រែសម្រួល៖ប៉ាង កុង



