បរទេស៖ក្រុមហ៊ុនការពារជាតិអាមរិក Lockheed Martin Corp ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង F-35 នឹងជួយប្រទេសជប៉ុនផលិតយន្តហោះចម្បាំងបំបាំងកាយថ្មី ដែលកងទ័ពជើងអាកាសចង់បានឲ្យដាក់ប្រើប្រាស់ ក្នុងពាក់កណ្ដាលនៃទសវត្ស២០៣០ រក្សាសន្ទុះល្បឿនឲ្យទាន់ជាមួយភាពទំនើបនៃបច្ចេកវិទ្យាយន្តហោះ ដែលចិនបានបង្កើត។
ក្រសួងការពារជាតិជប៉ុនបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃសុក្រនេះថា ក្រុមហ៊ុន Lockheed នឹងចងជាដៃគូជាមួយមេដឹកនាំគម្រោង គឺក្រុមហ៊ុន Mitsubishi Heavy Industries ដោយធ្វើកំណែទម្រង់ភាពជាដៃគូ ដែលអភិវឌ្ឍផលិតយន្តហោះចម្បាំងកាលពី៣ទសវត្សមុនរបស់ជប៉ុន គឺយន្តហោះ F-2។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការពារជាតិជប៉ុន បាននិយាយថា “ក្នុងគោលបំណងធានាឲ្យបាននូវអន្តរប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក យើងនឹងចាប់ផ្តើមគម្រោងនេះជាមួយគ្នា ចាប់ពីឆ្នាំក្រោយនេះទៅ”៕ប្រែសម្រួល៖ប៉ាង កុង



