(ភ្នំពេញ) ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី2 ដែលបង្កើតឡើងដោយក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2020 និងមានរយៈពេល 9 សប្តាហ៍ លើមុខជំនាញ៖ ជួសជុលបរិក្ខារអេឡិចត្រូនិច (CE) និងស្មាតហ្វូន (IM) នៅពេលនេះបានចប់សព្វគ្រប់ដោយជោគជ័យជាស្ថាពរហើយ!
សូមបញ្ជាក់ថាកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះគឺមានសិក្ខាកាមចូលរួមចំនួន 50 រូប ហើយវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ សមត្ថភាព ចំណេះ ជំនាញ និងទេព្យកោសល្យ ដល់សិក្ខាកាមជំនាន់ក្រោយជាពិសេសផ្តល់ឱកាសការងារ ឱ្យមានភាពកាន់តែទូលំទូលាយដល់សិស្សនិស្សិតកម្ពុជាទាំងមូលផងដែរ។
លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខា ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាល Samsung Tech Institute គឺពិតជាដើរតួយ៉ាងសំខាន់បំផុតក្នុងការបង្កើតធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់អមជាមួយទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗថ្មីៗរបស់ក្រុមហ៊ុន សាមសុង ដែលកំពុងត្រូវបានប្រើប្រាស់ និងគាំទ្រជុំវិញពិភពលោក” ។
លោកបានបន្ថែមទៀតថា “សាមសុង តែងតែផ្តល់តម្លៃខ្ពស់បំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សហគមន៍ និងពិភពលោកទាំងមូលឱ្យមានភាពកាន់តែងាយស្រួល និងប្រសើរឡើង។ អ្វីដែលយើងចង់បានបំផុតនោះគឺសូមឱ្យសិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះទាំងអស់នឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ខ្លួនដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលផងដែរ”។
ឆ្លៀតក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ លោកឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានធ្វើការកោតសរសើរ និងរីករាយក្រៃលែងចំពោះការយកចិត្តទុកដាក់ និងការលះបង់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន សាមសុង ក្នុងការចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា ក៏ដូចជាវិស័យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ប្អូនប្រុស ដួង ពៅរ៉ាដា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះបានឱ្យដឹងថា “វគ្គសិក្សាផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិចជាមួយនឹងបរិក្ខារទំនើបៗផ្ទាល់ដែលក្រុមហ៊ុន សាមសុង ផ្តល់ជូនបែបនេះគឺពិតជាមានតម្លៃណាស់ ដូច្នេះខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យជាប់ដើម្បីឈោងចាប់យកការងារដែលពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកវិទ្យា និងគ្រឿងបរិក្ខារអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគតឱ្យបាន”។
សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង ក៏បានផ្តល់ឱកាសការងារដល់សិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ចំនួន 04 រូប ផងដែរដើម្បីចុះហាត់ការដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង ដោយទទួលបានអត្ថប្រយោជន៍ និងបា្រក់បៀរវត្សបន្ថែមផងដែរ។
លោក តេង សុភាព ដែលជាសាស្រ្តាចារ្យម្នាក់ក្នុងចំណោមសាស្ត្រាចារ្យនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute បានសម្តែងអារម្មណ៍ផ្ទាល់ខ្លួនថា “ខ្ញុំសូមអរគុណ និងសរសើរដល់ការជួយឧបត្ថម្ភ និងការលះបង់ដោយឥតនឿយហត់របស់ក្រុមហ៊ុន សាមសុង! ខ្លួនខ្ញុំផ្ទាល់ក៏ខិតខំប្រឹងប្រែងបង្ហាត់បង្ហាញ បង្រៀន និងណែនាំឱ្យអស់ពីសមត្ថភាពផងដែរដើម្បីធ្វើឱ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះ ជំនាញ និងបទពិសោធន៍ច្បាស់លាស់ពោរពេញដោយទំនុកចិត្ត និងមានការងារធ្វើជាមួយនឹងប្រាក់ខែខ្ពស់”។
ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានធ្វើឱ្យវគ្គសិក្សានេះ ចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ។
ជាចុងក្រោយ សាមសុង កម្ពុជា សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អដោយ លាងដៃញឹកញាប់ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលជំងី Covid-19 ទាំងអស់គ្នាផងដែរ!







