វិលត្រឡប់ទៅកាលពីខែកុម្ភៈឆ្នាំ ២០១០ លោក Steve Jobs ធ្លាប់បានធ្វើការរិះគន់ចំៗលើ Adobe Flash នៅពេលឆ្លើយតបនឹងសំនួរដែលសួរថាហេតុអ្វីលើ iPhone និង iPad មិនមានដំឡើង Adobe Flash នេះ។
នៅពេលនោះលោក Steve Jobs ដែលនៅជានាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Adobe Flash ជាកម្មវិធីមួយដែលប្រើប្រាស់កម្លាំង CPU ច្រើន, សម្បូរទៅដោយចន្លោះប្រហោង និងគាំងខ្លាំងផងដែរ។ បន្ថែមពីនេះ តាមការធ្វើតេស្តលើ iPad ឃើញថា Adobe Flash ស៊ីថាមពលថ្មច្រើន។
យ៉ាងណាក្ដី Google ឯណោះវិញ បានស្វាគមន៍ Adobe Flash លើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន។ មានអ្នកប្រើប្រាស់ Android ខ្លះក៏បានគាំទ្រនឹងការលើកឡើងរបស់លោក Steve Jobs អំពី Adobe Flash ដែលចុងក្រោយ Adobe ក៏សម្រេចចិត្តបញ្ឈប់ការគាំទ្រ Flash ប្រភេទ Mobile ក្នុងឆ្នាំ ២០១២។
នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២០ នេះដែរ គឺជាថ្ងៃចុងក្រោយដែល Adobe នឹងផ្ដល់ការគាំទ្រសម្រាប់ Flash Player ទាំងស្រុងតែម្ដង មិនថានៅលើ Mobile ឬលើកុំព្យូទ័រនោះទេ។ នេះសបញ្ជាក់ថាលោក Steve Jobs បាននិយាយត្រូវថា HTML5 នឹងចូលមកជំនួស Adobe Flash៕
ប្រភព៖sabay