បរទេស៖ យោងតាមការចេញផ្សាយ កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា មហាសេដ្ឋីពាន់លានលោក Elon Musk និងក្រុមហ៊ុនរបស់លោក Telsa ត្រូវបានគេដឹងថាគឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការ បើកដំណើរការរោងចក្ររបស់ខ្លួនមួយទៀតនៅក្នុងរដ្ឋ ភាគខាងត្បូងនៃប្រទេសឥណ្ឌា Karnataka។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានបញ្ជាក់បែបនេះថា៖ក្រុមហ៊ុនអាមេរិក Telsa នឹងបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងរដ្ឋ Karnataka។សេចក្តីថ្លែងការណ៍នេះត្រូវបាន គេដឹងដែរថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការពង្រឹងសេដ្ឋកិច្ចទៅឲ្យរដ្ឋមួយនេះជាពិសេសពលរដ្ឋរបស់ខ្លួន។
រំលឹកដែរថាកាលពីខែមុនក្រុមហ៊ុនផលិតរថយន្ត Telsa ប្រចាំប្រទេសឥណ្ឌានិងក្រុមហ៊ុនថាមពល Energy Private Limited បានឈានទៅដល់ការចុះឈ្មោះដំណើរការការិយាល័យមួយរបស់ខ្លួននៅក្នុងទីក្រុង Bengaluru រដ្ឋ Karnataka រួចរាល់ហើយគឺជាទីកន្លែងប្រជុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាធំលើលោក។
គួរឲ្យដឹងដែរថាមួយរយៈនេះ ប្រទេសឥណ្ឌាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលប្រេងក្នុងគោលបំណងធំ កាត់បន្ថយជាតិពុលចេញពីបរិយាកាសប៉ុន្តែវិស័យផលិត រថយន្តអគ្គិសនីរបស់ខ្លួនបានជួបឧបសគ្គជាច្រើនជាពិសេស គឺការវិនិយោគពីបរទេសដោយក្នុងនោះរដ្ឋាភិបាលឥណ្ឌា ធ្លាប់បានបញ្ជាក់ហើយថាត្រូវការយ៉ាងហោចណាស់៤,៦ពាន់លានដុល្លារ ដើម្បីអាចកសាងរោងចក្រផលិតថ្មរថយន្ត ជាច្រើនកន្លែងដើម្បីផ្គត់ផ្គង់ផែនការការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី