បច្ចេកវិទ្យា

McLaren ចេញឡាន Hybrid ថ្មី ជិះ១០០គ.មស៊ីសាំងត្រឹម ៤លីត្រ តែឃើញតម្លៃលែងហ៊ានប្រាថ្នា

ក្រុមហ៊ុន McLaren ទើបតែបានប្រកាសចេញរថយន្តម៉ូដែលថ្មីសន្លាងមួយ ហៅថា Artura ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid។

រថយន្ត McLaren Artura នេះមានកម្លាំងរហូតដល់ទៅ ៦៧១សេះ ហើយមានទម្ងន់ខ្លួនត្រឹមតែ ១ ៤៩៦គីឡូក្រាមប៉ុណ្ណោះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ព្រមទាំងមានល្បឿនអតិបរមាដល់ ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលរឹតតែពិសេសនោះគឺ Artura មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៤,៧លីត្រ/១០០គីឡូម៉ែត្រ។

រថយន្តប្រភេទ Mid-engined Plug-in Hybrid Supercar នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី និងអាគុយ Hybrid ហើយដំណើរការដោយប្រអប់លេខ dual-clutch ថ្មី ដែលមានលេខទៅមុខ ៨វគ្គ ហើយគ្មានលេខថយក្រោយនោះទេ។ ដោយឡែក វាគ្រាន់តែដំណើរការម៉ូទ័រអគ្គិសនីបញ្ច្រាស់វិញប៉ុណ្ណោះ ដើម្បីឲ្យរថយន្តថយក្រោយ។

ដោយសារតែវាជាប្រភេទរថយន្ត Plug-in Hybrid ដូច្នេះវាអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣០គីឡូម៉ែត្រ ក្នុងល្បឿនដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងនោះវាអាចសាកភ្លើងបាន ៨០% ក្នុងរយៈពេលត្រឹម ២ម៉ោងកន្លះប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត McLaren Artura នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២២៥ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស ហើយផ្តល់ជម្រើសដល់ទៅ ៣១ពណ៌ឯណោះ៕sabay

Most Popular

To Top