ក្រុមហ៊ុន Rolls-Royce ទើបតែបានប្រកាស ចេញរថយន្ត Phantom ប្រភេទតួវែង ម៉ូដែលពិសេសថ្មីមួយហៅថា Rolls-Royce Phantom Koa ដែលពួកគេចំណាយពេល ៣ឆ្នាំ ដើម្បីផលិតឲ្យបានសម្រេច បន្ទាប់ពីទទួលការកុម្ម៉ង់ ។


លោក Jack Boyd Smith Jr. ដែលជាម្ចាស់រថយន្តខាងលើ បានប្រាប់ទៅក្រុមហ៊ុន Rolls-Royce ឲ្យប្រើប្រាស់ឈើដ៏កម្រមួយហៅថា Koa Wood ដែលមានតែនៅរដ្ឋ Hawaii សហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់តុបតែងកាប៊ីនខាងក្នុងរថយន្ត។



លោក Jack Boyd Smith Jr. និងរថយន្ត Rolls-Royce Phantom Koa គួរឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ត្រូវរង់ចាំរយៈពេលដល់ទៅ ៣ឆ្នាំ ដើម្បីឲ្យដើម Koa នោះរលំដោយខ្លួនឯង ទើបយកឈើរបស់វាមកប្រើក្នុងកាប៊ីននៃ Rolls-Royce Phantom Koa។ ក្នុងនោះ ឈើ Koa ត្រូវបានបំពាក់លើដៃចង្កូត, តាប្លូ, កន្លែងដាក់ដៃ, ទ្វារ និងតុ ផងដែរ។
ក្រៅពីប្រើប្រាស់ឈើដ៏ពិសេស និងកម្រនោះ រថយន្តដ៏ប្រណីតខាងលើ បានបំពាក់ពូកស្បែកពណ៌ប្រផេះ Dove Gray យ៉ាងស្រស់ស្អាតទៀតផង ។ រឹតតែពិសេសជាងនេះទៅទៀត ពិដាននៃរថយន្ត Rolls-Royce Phantom Koa ត្រូវបានឌីហ្សាញចេញជារូបផ្កាយនៅលើមេឃ ឲ្យដូចទៅនឹងយប់ដែលលោក Jack Boyd Smith Jr. កើត (២៧ មិថុនា ១៩៥៨) ជាមួយនឹងផ្កាយសរុប ១ ៤២០ ឯណោះ។
រថយន្ត Rolls-Royce Phantom Koa មានបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ V12 មានកម្លាំង ៥៦៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ៕ sabay
