បច្ចេកវិទ្យា

រៀន​ត្រឹម​វិទ្យាល័យ​ បង្កើត​ប្រព័ន្ធ​ទំនើប​ប្លែក​គេ​ រហូត​​ក្រុមហ៊ុន ​បច្ចេកវិទ្យា​ធំៗ ​ចង់​បាន​

​យុវជន​វ័យ​ក្មេង​ម្នាក់ ​បាន​ក្លាយ​ជា​ខ្លួន ​ជា​នាយក​ប្រតិបត្តិ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​ត្រឹម​តែ​​រយៈពេល​ខ្លី​ នេះ​​ក៏​ព្រោះ​តែ​រូប​គេ​រក​ឃើញ​បច្ចេកវិទ្យា​ ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ (Self-driving car) ​រហូត​ឈាន​ដល់​បង្កើត​បាន​ក្រុមហ៊ុន ​The Luminar Technology ​តាំង​ពី​នៅ​រៀន​ ថ្នាក់​វិទ្យាល័យ(​អាយុ ១៧ ​ឆ្នាំ​) ឥឡូវ​គេ​ទើប​មាន​អាយុ ២៦ ឆ្នាំ ក្លាយ​ជា មហាសេដ្ឋី​វ័យក្មេង​បំផុត ផ្នែក​បច្ចេកវិទ្យា ធ្លាប់​កាន់​កាប់​ដោយ​នាយក​ ប្រតិបត្តិក្រុមហ៊ុន Facebook កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។

​Austin Russell ​ជា​ឈ្មោះ​ក្មេង​ប្រុស​រាង​ខ្ពស់​ស្រឡះ ​ពណ៌​សក់​ទង់ដែង ​គ្រប​មុខ​តាម​បែប​អឺរ៉ុប ​ដែល​មាន​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​តាំង​ពី​តូច​មក​ម្ល៉េះ។ ​កាល​ពី​នៅ​អាយុ ១០ ​ឆ្នាំ​ Russell ​រៀន​សរសេរ​កូដ​ចេះ​ស្ទាត់​បាត់​ទៅ​ហើយ។​ គ្រា​មួយ​នោះ ​ម្ដាយ​របស់ Russell ​មិន​ទិញ​ទូរសព្ទ​ឲ្យ​រូប​គេ​ប្រើ ​ស្រាប់​តែ​​ក្មេង​ប្រុស​ឆ្លាត​វៃ​នេះ ​នឹក​ឃើញ​យក​របស់​លេង (Nintendo DS) ​រួច​មក​​ក៏​សរសេរ​កូដ​កម្មវិធី​ ដែល​គេ​ចេះ(firmware) មក​ដាក់បញ្ចូល​​ក្នុង​បន្ទះឈីប​ រហូត​អាច​ក្លាយ ​ជា​ទៅ​ទូរសព្ទ​បាន។ ​សំណួរ​ពី CNBC តើ​វា​ទៅ​រួច​ដែរ​ទេ? Russell ​ឆ្លើយ​ថា “បាទ! វា​ពិត​ជា​ខល​ចេញ​បាន​មែន”។

​នៅ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ​ក្មេង​ប្រុស ​ដែល​មាន​ទេពកោសល្យ​ ខាង​ច្នៃ​ប្រឌិត​ថ្មី​នេះ បាន​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ដំណើរការ​ របស់​ម៉ាស៊ីន​នានា ។ ​រូប​គេ​មាន​មហិច្ចតា​ធំ ចង់​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ, ចង់​បង្កើត​កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង(Super Computer) ​​គ្រឿង​បង្គុំ​ផ្នែក​រឹង(Hardware) និង​ឧបករណ៍​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​ប្រព័ន្ធ​ឡេសឺ(Lasers), ឧបករណ៍​អុបទិក(Optics), ​ឧបករណ៍​ Photonics ដោយ​ផ្ទាល់​ខ្លួន​។​ Russell ​បាន​ពន្យល់​ថា ​បច្ចេកវិទ្យា ​Photonics ​ជា​ដំណើការ​​បែប​វិទ្យាសាស្ត្រ ​អាច​បង្កើត​ចេញ​ពន្លឺ​ និង​ថាមពល​ផ្សេងៗ​ចេញ​ពី​រូប​ថត​ផ្ទាល់ ។ ​នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ របស់​មជ្ឍមណ្ឌល The National Center for Optics and Photonics Educations។

​ដោយ​ហេតុ​នេះ ​ហើយ​ទើប​ទាក់​ចិត្ត​រូប​គេ ​ឲ្យ​ដក់​ជាប់​នឹង​បច្ចេកវិទ្យា​នេះ ហើយ​ក៏​ចង់​ក្លាយ ​ជា​ចំណែក​មួយ​នៃ​ការ​បង្កើត​ប្រព័ន្ធ​នោះ​ អាច​ដំណើរការ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន ។ ​

​លុះ​ដល់​អាយុ​១៥ ​ឆ្នាំ​រូប​ គេ​ទទួល​បាន​ការងារ ​លើក​ដំបូង ​ជាមួយ LIDAR ជា​មនុស្ស​មួយ ​ក្រុម​ដែល​សិក្សា​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ពន្លឺ ​និង​បង្កើត​ម៉ាស៊ីន​ឡេសឺ​ធំ​ៗ ​ផង​ដែរ។ ​ LIDAR ​ជា​​វិធីសាស្ត្រ​មួយ ​ដែល​ប្រើប្រាស់​ឡេសឺ ​ទៅ​គណនា​ចម្ងាយ​របស់​វត្ថុ ​ក្នុង​ការ​បង្កើត​ចេញ​ជា​ផែន​ទី 3D ​ឲ្យ​ដូច​ទៅ​នឹង​ស្ថានភាព​ជាក់​ស្ដែង។

បច្ចេកវិទ្យា​នេះ ​ជា​ជណ្ដើរ​ដ៏​ល្អ ​ដែល​អាច​ឲ្យ​ក្មេង​ប្រុស​ Russell ​យក​ទៅ​អនុវត្តន៍​លើ​រថយន្ត​ដែល​មាន​សមត្ថភាព​អាច​កំណត់​សម្គាល់ ​អាច​​ដៅ​ទីតាំង ​និង​កំណត់​ដឹង ​ឧបសគ្គ​នៅ​ខាង​មុខ​បាន​យ៉ាង​ល្អ ដែល​ឲ្យ​ឈ្មោះ​ថា Self-driving technology ។ ​កន្លែង​ធ្វើការ​ដំបូង​នេះ ​ហើយ​ជា​បេះដូង​របស់ Russell ​អាច​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​បង្អស់ (Start-up) ​ហើយ​ក៏​ជា​កន្លែង​ចាប់​កំណើត​ក្រុមហ៊ុន Luminar Technology ​ដោយ​យក​បច្ចេកវិទ្យាសេនសឺ​​របស់ LIDAR ទៅ​អភិវឌ្ឃ​ថ្មី​បំពាក់​លើ​យានយន្ត​។

​និយាយ​អំពី​ការ​បង្កើត​ក្រុមហ៊ុន​ក្មេង​ខ្ចី​នេះ ​ធ្វើ​ឲ្យ​សិស្ស​វិទ្យាល័យ​រូប​នេះ​ដក់​ជាប់​នឹង​ការ​ធ្វើ​ជំនួញ​ រហូត​ដល់​បោះបង់​ការ​សិក្សា​ថ្នាក់​ឧត្ដម​នៅ​សកលវិទ្យាល័យ​ល្បី​លំដាប់​ពិភពលោក​គឺ Stannford University ​តាំង​ពី​ឆ្នាំ​ដំបូង​ម្ល៉េះ។

​ទោះ​បោះបង់​ការ​សិក្សា​ក្ដី ​ក៏​ប៉ុន្តែ​យុវជន​រូប​នេះ ​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ ព្រម​ទាំង​បាន​ក្លាយ​ជា​ជ័យ​លាភី​ក្នុង​កម្មវិធី The Thiel Fellowship ​ដែល​បង្កើត​ឡើង ​ដោយ​លោក Peter Thiel (ជា Co-founder ​ក្រុមហ៊ុន PayPal​)​ សម្រាប់​ផ្ដល់​ជូន​ Start-up វ័យ​ក្មេង ​អាយុ​ក្រោយ ២៣ ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ​១០០ ០០០ ដុល្លារ​អាមេរិក​រយៈពេល ២ ​ឆ្នាំ​ធ្វើ​ជា​ទុន​ដំណើរ ការ​អាជីវកម្ម​របស់​ខ្លួន។

​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​ថ្មី​ថ្មោង The Luminar Technology ​បាន​ឈរ​ជើង​លើ​ទីផ្សារ ​យ៉ាង​មាំ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ថា​ជា​ក្រុមហ៊ុន​ស្តង់ដារ​ ឈាន​មុខ​គេ​លើ​បច្ចេកវិទ្យា ​បើក​ស្វ័យ​ប្រវត្តិ​លើ​យានយន្ត។

លើស​ពី​នេះនៅ​មាន ក្រុមហ៊ុន​ល្បីៗ​ទុន​រាប់​កោដ​​ដុល្លារ​ បាន​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​អភិវឌ្ឍ​ លើ​ផលិតផល​របស់​គេ​ដូច​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា Velodyne, Quanergy, Innoviz ហើយ​បច្ចេកវិទ្យា ​ក្រុមហ៊ុន​ទាំង​នោះ​យក​ទៅ​បំពាក់​លើ​ក្រុមហ៊ុន​រថយន្ត Ford, Volvo , Mecedes-Benz ​ព្រម​ទាំង​បាន​ប្រើលើ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដូច​ជា BMW ​និង​ក្រុមហ៊ុន​រថយន្ត ​អគ្គិសនី​ប្រទេស​ចិន ​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ប៉េកាំង​គឺ HiRain ​ថែម​ទៀត​ផង។

កាល​ពី​ខែ​មេសា​ឆ្នាំ ២០១៧ ​ក្រុមហ៊ុន Toyota ​ផ្នែក Toyota Research Institute ​ក៏​បាន​ចុះ​ហត្ថលេខា​ជា​ដៃ​គូ​ជាមួយ The Luminar Technology ​ដើម្បី​ស្រាវជ្រាវ​ពី​ដំណើការ​បច្ចេកវិទ្យា​ថ្មីៗ​ទៀត​បំពាក់​លើ​រថយន្ត​របស់ Toyota ។

​ភាព​ល្បីល្បាញ​កក្រើក​ របស់​ក្មេង​ប្រុស​ អាយុ​ត្រឹម ២៣ ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​នាយកប្រតិបត្តិ ៩ ​ស្ថាប័ន​និង​ជា​បុគ្គល​ជោគជ័យ​ផ្នែក​បច្ចេកវិទ្យា​ជើង​ចាស់​លោក Elon Musk ​បាន​លើកឡើង​ថា ​ក្រុមហ៊ុន​រថយន្ត Tesla ​របស់​លោក​បាន​សិក្សា​ លើ​បច្ចេកវិទ្យា​នេះ​យូរ​ហើយ​ដែរ ​ក៏​ប៉ុន្តែ​នៅ​មិន​មាន​លទ្ធផល។ ​បើ​ចូល​ឲ្យ​ជ្រៅ​ទៅ ​ប្រព័ន្ធ​របស់ Russell ​និង Tesla ​មាន​ភាព​ខុស​គ្នា ​តែ​ឈរ​លើ​គោលដៅ​តែ​មួយ។ ​ដូច​នេះ​ ​ចង់​ឬ​មិន​ចង់​ Tesla ​មាន​គូ​ប្រជែង​ថ្មី​មួយ​ទៀត​រួច​ទៅ​ហើយ។

​សព្វ​ថ្ងៃ​ក្រុមហ៊ុន​ The Luminar Technology ​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ Palo Alto ​រដ្ឋ​កាលី​ហ្វរញ៉ា​មាន​ទឹកប្រាក់​ជាង ៣៦ ​លាន​ដុល្លារ​និង​មាន​បុគ្គលិក​បម្រើការ​ជាង ៤០០ ​នាក់​រួច​ទៅ​ហើយ​ដោយ​បង្កើត​ឡើង​ត្រឹម ​៥ ​ឆ្នាំ​ប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ ២០២០ ក្រុមហ៊ុនរបស់​គេ​មាន​តម្លៃដល់​ទៅ ៧,៨ ប៊ីលាន​ដុល្លារ។

​ជា​ចុង​ក្រោយ​នាយក​ប្រតិបត្តិ​ វ័យ​ក្មេង​រូប​នេះ​បាន​ផ្ដាំ​ផ្ញើ​ ទៅ​អ្នក​ជំនាន់​ក្រោយ​ថា ​បោះបង់​ការ​សិក្សា ​មិន​មែន​សុទ្ធ​តែ​ជា​ការ​គិត​ត្រូវ​សម្រាប់ ​មនុស្ស​ទាំង​អស់​គ្នា​ទេ ​ប៉ុន្តែ​សម្រាប់​ មនុស្ស​មួយ​ចំនួន ​ដែល ​​មាន​គោលដៅ​ច្បាស់​ ​ហើយ​ដឹង​ថា​ខ្លួន​ឯង​ចង់​ធ្វើ​អ្វី វា​ជា​ការ​សម្រេច​ចិត្ត​ លើ​គោលដៅ​ជីវិត ​របស់​យើង​ខ្លួន​ឯង​៕

Most Popular

To Top