ទីក្រុងឡុង៖ ការសិក្សាមួយបង្ហាញថា វត្ថុធាតុដើមចាំបាច់សម្រាប់ជីវិត នៅលើផែនដីរួមទាំងរូបធាតុសរីរាង្គ និងទឹកត្រូវបានគេរកឃើញ នៅលើផ្ទៃអាចម៍ផ្កាយជាលើកដំបូងនេះ ជាចំណុចមួយដែលអាចឲ្យសរសេរឡើងវិញ ពីប្រវត្តិនៃជីវិតនៅលើភពផែនដីរបស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្ត្រផ្នែកភព មកពីសាកលវិទ្យាល័យ Royal Holloway នៃទីក្រុងឡុង បានពិនិត្យធូលីមួយគ្រាប់ បានវិលត្រឡប់មកផែនដីវិញ ពីអាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះ Itokawa ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)ជាផ្នែកមួយនៃបេសកកម្ម Hayabusa ដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១០ ។

យោងតាមក្រុមអ្នកស្រាវជ្រាវអង់គ្លេស នៅពីក្រោយការសិក្សាថ្មីនេះថា ទឹក និងសារធាតុសរីរាង្គ មានដើមកំណើតនៅលើអាចម៍ផ្កាយ ដោយខ្លួនវាផ្ទាល់ ជាជាងទៅដល់ផ្នែកមួយ នៃការប៉ះទង្គិចគ្នាបានបង្ហាញថា វាមានការវិវត្តគីមី ក្នុងរយៈពេលរាប់ពាន់លានឆ្នាំ។ នេះជាលើកទីមួយហើយ ដែលវត្ថុបែបនេះ ត្រូវបានគេរកឃើញ នៅលើផ្ទៃអាចម៍ផ្កាយ។

អ្នកវិទ្យាសាស្ត្រអះអាងថា នេះជារបកគំហើញដ៏សំខាន់មួយ ដែលអាចសរសេរប្រវត្តិសាស្ត្រជីវិត នៅលើភពផែនដីយើងឡើងវិញ ព្រោះវាស្រដៀង នឹងដំណើរវិវត្តនៅលើផែនដី។ អ្នកនិពន្ធ Queen Chan បានប្រាប់ថា ទោះបីជាសារធាតុសរីរាង្គមិនបង្ហាញថា ជីវិតត្រូវបានដឹក ដោយអាចម៍ផ្កាយក៏ដោយ ក៏វាប្រាប់យើងថា អាចម៍ផ្កាយដឹកវត្ថុធាតុដើមដូចគ្នា ផ្តល់ចំណីដំបូងសម្រាប់ដើមកំណើត នៅលើផែនដី៕ ដោយ៖លី ភីលីព

