អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើកាសពិតជាក់ស្តែង របស់ខ្លួនផ្ទាល់ (VR) ហើយឥឡូវនេះ បានបង្ហាញប៉ាតង់ថ្មីថា វានឹងត្រូវបានភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត រួមទាំងស្បែកជើងឆ្លាតវៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានទទួលប៉ាតង់ថ្មីជាស្បែកជើងវៃឆ្លាត ដែលផ្ញើសារឆ្លើយតបទៅអ្នកប្រើប្រាស់ នៅពេលពួកគេកំពុងលេងហ្គេមក្នុងពិភពនិម្មិត។ រូបភាពលើឯកសារមានលក្ខណៈ ប្រហាក់ប្រហែលនឹងស្រោមជើង ឬស្បែកជើង ដោយផ្តល់នូវអារម្មណ៍ប្លែកៗ ដូចជាអារម្មណ៍ក្តៅ ឬត្រជាក់ទៅកាន់តំបន់ផ្សេងៗ ដោយប្រើអេឡិចត្រូម៉ាញ៉េទិច។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញកាស VR របស់ខ្លួននៅឆ្នាំក្រោយ ដែលនឹងត្រូវបានបំពាក់ ដោយម៉ាស៊ីនដំណើរការ M1 Mac Processor ថ្មីរបស់ខ្លួន ប៉ុន្តែត្រូវបានគេនិយាយថា មានតម្លៃ ១០០០ ដុល្លារក្នុងមួយគ្រឿង។ ប៉ាតង់ត្រូវបានរកឃើញដំបូងដោយ Patently Apple បាននិយាយថា ឧបករណ៍ជើងឆ្លាតវៃ ដែលជាគ្រឿងបន្លាស់ VR Gaming ដើម្បីបង្កើនបទពិសោធន៍។

ស្បែកជើង ឬស្រោមជើងត្រូវបានពិពណ៌នាថា ជាការផ្តល់នូវអារម្មណ៍ប្លែកៗ នឹងធ្វើឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ត្រជាក់ សម្រាប់ការដើរនៅលើកម្រាលឥដ្ឋ ឬក្តៅដូចជាការដើរលើឆ្នេរខ្សាច់ នៅថ្ងៃដែលមានពន្លឺថ្ងៃ៕ ដោយ៖លី ភីលីព
