ក្រុមទីភ្នាក់ងារការពារសិទ្ធិអតិថិជន នៅរដ្ឋសៅផៅឡូ ប្រទេសប្រេស៊ីល បានសម្រេចពិន័យក្រុមហ៊ុន Apple ចំនួន ២ លានដុល្លារអាមេរិក ដោយសាររឿងក្តីដែល Apple ដកដុំសាកចេញពីប្រអប់ iPhone 12 នេះបើយោងតាមសារព័ត៌មាន 9to5 Mac ។
ក្រុម Procon-SP ដែលជាក្រុមអ្នកការពារសិទ្ធ រវាងអ្នកប្រើប្រាស់ផ្ទាល់ និងអ្នកផ្គត់ផ្គង់មួយនៅប្រេស៊ីល បានលើកឡើងថា៖ “ការដែលលក់ស្មាតហ្វូន ដោយគ្មានដុំសាកជាលក្ខខណ្ឌអយុត្តិធម៌ និងជាការផ្សាយពាណិជ្ជកម្មបំភាន់ភ្នែក ទៅកាន់អតិថិជនរបស់ខ្លួន។”
ទីភ្នាក់ងារដដែលក៏ធ្លាប់ស្នើសុំទៅកាន់ Apple អំពីការកាត់បន្ថយតម្លៃ iPhone 12 ពេលគ្មានដុំសាកមកជាមួយក្នុងប្រអប់ ក៏ប៉ុន្ដែ Apple គ្មានការឆ្លើយតបអ្វីនោះទេ។ ទង្វើនេះរបស់ Apple ទៅកាន់ទីភ្នាក់ងារ របស់ប្រេស៊ីលបែបនេះ ហាក់ដូចជាការមាក់ងាយស្ថាប័នច្បាប់ទម្លាប់ នៃប្រទេសដ៏ល្បីល្បាញ ក្នុងវិស័យបាល់ទាត់ តំបន់អាមេរិកឡាទីនមួយនេះ។
ទោះយ៉ាងណា ការផាកការផាកពិន័យខាងលើ ហាក់ដូចជាមិនបង្ក ផលប៉ះពាល់ដល់ក្រុមហ៊ុន Apple ដែលមានប្រាក់ចំណូល ១១១,៤ ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយនៃ ឆ្នាំ២០២១ (ចំណូលនៃរួមបញ្ចូលទាំងការលក់ម៉ូដែល iPhone 12 នៅថ្ងៃឈប់សម្រាក ក្នុង ឆ្នាំ២០២០)។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនសារព័ត៌មាន The Verge ក៏បានចុះផ្សាយថា ក្នុងករណីនេះដោយបញ្ចេញឲ្យដឹងថា Apple មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
គួររំឮកបន្តិចថា កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ Apple បានប្រកាសចេញ iPhone 12 ដោយមិនភ្ជាប់ឆ្នាំងសាកក្នុងប្រអប់ ដោយលើកឡើងពីហេតុផល ការពារបរិស្ថានដោយពួកគេ គ្រាន់តែដាក់ខ្សែ USB-C ទៅ Lightning ជាមួយ iPhone 12 និងម៉ូដែលថ្មីផ្សេងទៀត តែប៉ុណ្ណោះ៕ ប្រភព៖ sabay