សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Intel Corp នឹងពង្រីកសមត្ថភាព ផលិតបន្ទះឈីបជឿនលឿន របស់ខ្លួនយ៉ាងខ្លាំង ខណៈនាយកប្រតិបត្តិថ្មី បានប្រកាសគ្រោង ចំណាយថវិកា ២០ ពាន់លានដុល្លារ ដើម្បីសាងសង់ រោងចក្រ ចំនួន២ នៅរដ្ឋអារីហ្សូណា និងបើករោងចក្រ របស់ខ្លួនទៅកាន់អតិថិជន ខាងក្រៅ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការផ្លាស់ប្តូរ របស់នាយកប្រតិបត្តិ លោក Pat Gelsinger កាលពីពេលថ្មីៗនេះ មានគោលបំណង ដើម្បីស្តារកេរ្តិ៍ឈ្មោះ របស់ Intel ឡើងវិញ បន្ទាប់ពីការផលិតជំពប់ដួល បានធ្វើឲ្យភាគហ៊ុនធ្លាក់ ចុះកាលពីឆ្នាំមុន ។ យុទ្ធសាស្រ្តនេះ នឹង ប្រកួតប្រជែង ដោយផ្ទាល់ជាមួយក្រុមហ៊ុន ២ផ្សេងទៀត នៅលើពិភពលោក អាចផលិតបន្ទះឈីប ទំនើបបំផុត គឺសាជីវកម្មអេឡិច ត្រូនិចរបស់តៃវ៉ាន់ និង ក្រុមហ៊ុនអេឡិចត្រូនិក សាមសុងរបស់កូរ៉េ។
ហើយវានឹងតម្រង់ តុល្យភាព ថាមពល នៃបច្ចេកវិទ្យាត្រឡប់ទៅសហរដ្ឋអាមេរិក និងអឺរ៉ុបវិញ ខណៈ មេដឹកនាំរដ្ឋាភិបាល នៅលើទ្វីបទាំង ២បានព្រួយបារម្ភ អំពីហានិភ័យ នៃការប្រមូលផ្តុំផលិត បន្ទះឈីបនៅតៃវ៉ាន់ ដោយសារភាពតានតឹង ជាមួយចិន។ ភាគហ៊ុនរបស់ Intel កើនឡើង៧,៥ ភាគរយ បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញ ពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន និងការណែនាំហិរញ្ញវត្ថុ ពេញមួយឆ្នាំ សម្រាប់ឆ្នាំ ២០២១ ។ វិនិយោគិនមួយ ចំនួនដូចជាThird Point LLC ធ្លាប់បាន ជំរុញឲ្យក្រុមហ៊ុន Intel ពិចារណាកាត់បន្ថយប្រតិបត្តិការ ផលិតបន្ទះឈីប ដែលមានតម្លៃថ្លៃរបស់ខ្លួន ។
បើយោងតាមទិន្នន័យ Refinitiv ថា ក្រុមហ៊ុន Intel បាននិយាយថា ខ្លួនរំពឹងថា ប្រាក់ចំណូលនឹងមានចំនួន ៧២ ពាន់លានដុល្លារ និងបានកែតម្រូវប្រាក់ ចំណូលក្នុងមួយហ៊ុន ៤,៥៥ ដុល្លារបើប្រៀបធៀប ទៅនឹងការប៉ាន់ស្មានរបស់អ្នកវិភាគ ៧២,៩ ពាន់លានដុល្លារ និង ៤,៧៧ ដុល្លារ ក្នុងមួយហ៊ុន ។ ក្រុមហ៊ុនបានបន្តថា ខ្លួនរំពឹងថានឹងចំណាយពី ១៩ ទៅ ២០ ពាន់លានដុល្លារ លើការចំណាយមូលធន ៕ ដោយ៖លី ភីលីព