បច្ចេកវិទ្យា

កាន់លុយ ២,៥លានដុល្លារ ទើបអាចទិញឡាន Hummer EV មួយគ្រឿងដំបូងបង្អស់នេះបាន

រថយន្តអគ្គិសនី GMC Hummer EV Edition 1 ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ១១២ ៥៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗនេះមានគេហ៊ានចំណាយលុយដល់ ២,៥លានដុល្លារ ដើម្បីទិញយករថយន្តគ្រឿងទី១ នៃម៉ូដែលនេះ។

រថយន្ត GMC Hummer EV Edition 1 ឆ្នាំ២០២១ ដែលមានលេខតួខ្លួន VIN 001 ត្រូវបានដាក់លក់ដេញថ្លៃបានរហូតដល់ទៅ ២,៥លានដុល្លារ ប៉ុន្តែលុយនោះនឹងត្រូវយកទៅជួយមូនិធិ Stephen Siller Tunnel to Towers Foundation។

គួរឲ្យដឹងថា Edition 1 គឺជាម៉ូដែលមួយរបស់ GMC Hummer EV ដែលត្រូវចេញលក់មុនគេលើទីផ្សារ ហើយក៏ជាប្រភេទកប់បំផុតដែរ។ វាមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ១ ០០០សេះ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣វិនាទី តាមរយៈមុខងារ “Watts to Freedom” ហើយអាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Edition 1 នេះ មានតួខ្លួនពណ៌សមកស្តង់ដារ ហើយមានដំបូល Sky Panels ដែលអាចដោះចេញបាន។ វាក៏មានបំពាក់កញ្ចប់ Option “Extreme Off-Road Package” ដោយក្នុងនោះរួមមានដូចជា របាំងការពារបាតក្រោម, យ៉ាន់ ១៨អ៊ីញ និងសម្បកកង់ ៣៥អ៊ីញ ជាដើម។

ចំណែកឯផ្នែកខាងក្នុងវិញ រថយន្តនេះបានបំពាក់ កុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ ព្រមទាំងប្រព័ន្ធសំឡេង Bose ដែលមានបាស ១៤គ្រាប់ទៀតផង៕ sabay

Most Popular

To Top