សឹងតែមិនគួរឲ្យជឿទេថា Apple គិតគូរដល់បរិស្ថានខ្លាំងណាស់។ គ្រប់គ្នាធ្លាប់តែឮថា តួកុំព្យូទ័រយួរដៃ Macbook ផលិតពីអាលុយមីញ៉ូម ក៏ប៉ុន្តែគ្រប់គ្នាច្បាស់ជាលាន់មាត់ថា “វ៉ាវ” ពេលដឹងថា សារធាតុអាលុយមីញ៉ូមនោះបានមកពី វត្ថុធាតុដើមទាំងស្រុងដែលជារបស់របរកែច្នៃឡើងវិញ ១០០% មានដូចជា៖ សំបកកំប៉ុងស្រាបៀរ (ប៊ីយែរ) ឬកំប៉ុងទឹកក្រូច ជាដើម។
ដើម្បីបញ្ជាក់អំពីដំណឹងនេះ ស្ថាប័នផ្តល់ប៉ាតង់និងពាណិជ្ជសញ្ញា(U.S Patent & Trademark) សហរដ្ឋអាមេរិក ទើបនឹងបញ្ចេញឲ្យដឹងពីប័ណ្ណស្នើសុំប៉ាតង់ចំនួន ២ មានលេខសម្កាល់ 20210087656 និង 20210087664 រំលេចច្បាស់ៗថា ក្រុមហ៊ុន Apple ផលិតកុំព្យូទ័រ MacBook ផ្សំឡើងដោយសារធាតុអាលុយមីញ៉ូមសុទ្ធមួយតួខ្លួន ឬ មួយជុំគ្រោងកុំព្យូទ័រនោះប្រាកដមែន។

រឿងរ៉ាវនេះបើក្រឡេកទៅឆ្នាំ ២០១៨ វិញ Apple បានបញ្ចេញឲ្យដឹងពី គោលជំហរថែរក្សាបរិស្ថានរបស់ខ្លួនចំពោះផែនដីដោយប្រកាសចេញកុំព្យូទ័រម៉ូឌែល Macbook Air 2018 មានគ្រោងឆ្អឹងផលិតពីអាលុយមីញ៉ូមសុទ្ធសាធ។ សម្រាប់ម៉ូឌែលបន្តបន្ទាប់ទៀតក៏នៅតែរក្សាដដែល និងថែមទាំងរចនាវាឲ្យកាន់តែទំនើបខ្លាំងជាងមុន។

ប្រភពៈ សប្បាយ
