ជួបនឹងសំណួរថ្មីមួយសួរថា តើក្នុងរយៈពេល ១០ឆ្នាំខាងមុខ លោក Tim Cook អាចនឹងនៅជាមួយ Apple ទៀតឬចាកចេញ? នេះបើយោងទៅតាមកិច្ចសម្ភាសមួយ ជាមួយកាសែត New York Times ។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត Kara Swisher នៅស្ថាប័នខាងលើ លោក Tim Cook បានឆ្លើយថា៖ “ប្រហែលជាមិនធ្វើការនៅ Apple ទៀតនោះទេ ហើយក៏ប្រហែលជាចាកចេញលឿនជាង ១០ ឆ្នាំនោះទៀតផង ។ យ៉ាងណាមិញគាត់ ក៏បានបន្ថែមថា សព្វថ្ងៃធ្វើការនៅ Apple គឺល្អគ្រប់គ្រាន់ហើយ គាត់ស្រលាញ់ក្រុមហ៊ុននេះ និងមិនទាន់មានតម្រុយអ្វីត្រូវលាឈប់នោះទេ។”
បច្ចុប្បន្នត្បិតតែលោក Tim មានអាយុ ៦០ ឆ្នាំទៅហើយតែលោកមានសុខភាពល្អ និងថែមទាំងធ្វើបានល្អទៀតក្នុងការសម្រេចចិត្តធំៗនានា ដូចនេះបើនៅបន្តដល់ ៥ ឬ ១០ ឆ្នាំទៀតក៏ហាក់ដូចជាគ្មានបញ្ហាអ្វីទេ។
រំឮកបន្តិចដែរថា ត្រឹមថ្ងៃទី២៤ ខែសីហាខាងមុខនេះជាគម្រប់ខួប ១០ ឆ្នាំនៃការឡើងកាន់តំណែង ជានាយកប្រតិបត្តិនៅ Apple របស់ Tim Cook បន្ទាប់ពីលោក Steve Jobs ធ្លាក់ខ្លួនឈឺនិងទទួលមរណៈភាព បន្សល់ទុកកេរ្ត៍ឈ្មោះ ជាសហស្ថាបនិក និង បុគ្គលឆ្នើមបំផុតនៅ Apple ៕