ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវបានស្គាល់ជាបុគ្គលបច្ចេកវិទ្យា កំពូលមួយរូប ដែលសហគ្រិនវ័យក្មេង គ្រប់គ្នា គួរតែយកគំរូតាម។ ប៉ុន្តែត្រលប់ទៅកាលពីជិត ២ ទសវត្សរ៍មុន សេដ្ឋីសញ្ជាតិ អាមេរិករូបនេះ ពុំមែនជាវីរបុរស ដក់ជាប់ក្នុងចិត្ត របស់លោក Jack Ma នោះទេ។
បញ្ជាក់ប្រាប់ក្នុងកិច្ច ប្រជុំកំពូលមួយនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល លោក Ma បានបង្ហើបថា៖ “កាលខ្ញុំនៅក្មេង ខ្ញុំស្អប់លោក Bill Gates ព្រោះតែគិតថាក្រុមហ៊ុន Microsoft បានក្តោបក្តាប់ឱកាសគ្រប់បែបយ៉ាង មិនថាតែ IBM និង Oracle សុទ្ធសឹងឆ្មក់យកឱកាសទាំងអស់”។
ស្ថាបនិកក្រុមហ៊ុន Alibaba បានចាប់ផ្តើមគេហទំព័រលក់ទំនិញ Online របស់ខ្លួននាឆ្នាំ ១៩៩៩ ដោយជឿជាក់ថា ខ្លួនត្រូវទាមទារ ឲ្យមានការចំណាយច្រើនពីសំណាក់ក្រុមហ៊ុនធំៗ ពោលជាបញ្ហាដ៏លំបាកដោះស្រាយមួយ សម្រាប់អាជីវកម្មខ្នាតតូច ទើបបង្កើតដំបូង ដែលចាំបាច់ត្រូវតភ្ជាប់ ជាមួយបច្ចេកវិទ្យា។ ប៉ុន្តែក្រោយមក លោកបានផ្លាស់ប្តូរគំនិតនេះ ដោយថាវាពុំមែនជាកំហុស របស់ Gates ឬបុគ្គលល្បីឈ្មោះណាមួយឡើយ ពោល គឺលោកផ្ទាល់ជាអ្នកបិទឱកាសរបស់ខ្លួនឯង ។
លោក Ma កត់សម្គាល់ឃើញថា៖ “មនុស្សជាច្រើននៅតែបន្តត្អូញត្អែរ ប៉ុន្តែប្រសិនអ្នកអាចដោះស្រាយបញ្ហាបាន នោះហើយជាឱកាស ដ៏ពិតប្រាកដ ខណៈថ្លៃចំណាយលើប្រព័ន្ធ IT មានទំហំធំសម្រាប់យើង បែបនេះយើងត្រូវចេះមានគំនិត ច្នៃប្រឌិត ដោយធ្វើការបង្កើតបច្ចេកវិទ្យា សមល្មមប្រើប្រាស់មួយដោយខ្លួនឯង”។
មកទល់បច្ចុប្បន្នអ្នកទាំង ពីរមានតែការបង្កើតទំនាក់ទំនងជិតស្និទ្ធរួមគ្នា ជាញឹកញយសេដ្ឋីក្នុងប្រទេសចិន រូបនេះក៏បានទៅចូលរួមការបំផុសគំនិតក្នុងកម្មវិធីសប្បុរសធម៌ Bill & Melinda Gates Foundation ផងដែរ៕