ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សចិន Huawei Technologies Co បាននិយាយថា ខ្លួននឹងវិនិយោគ ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារដើម្បីស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា បើកបរឆ្លាតវៃនៅឆ្នាំនេះ រួមទាំងគ្រឿង បន្លាស់រថយន្តខណៈក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិន មួយនេះ ស្វែងរកចំណុចរីកចម្រើនថ្មី សម្រាប់ពេលអនាគតចំពេល ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក រឹតត្បិតយោង តាមការចេញ ផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។
លោក Xu Zhijun អនុប្រធានក្រុមហ៊ុន Huawei បានមាន ប្រសាសន៍ថា វិស័យរថយន្តនឹងក្លាយជា ឧស្សាហកម្មដែលមានការរំខាន បំផុត ក្នុងរយៈពេលមួយទស វត្សរ៍ខាងមុខ និងតាមរយៈការ បង្កើន ការវិនិយោគលើគ្រឿង បន្លាស់សម្រាប់យានយន្តឆ្លាតវៃ ជាពិសេសបច្ចេកវិទ្យា បើកបរស្វ័យប្រវត្តិ ក្រុមហ៊ុន Huawei នឹងអាចជួយក្រុមហ៊ុនផលិត រថយន្តឲ្យចាប់យកការតភ្ជាប់ និងភាពវៃឆ្លាត បានកាន់តែប្រសើរ ។
ប៉ុន្តែនាយកប្រតិបត្តិជាន់ខ្ពស់ បានរំលឹកឡើងវិញថា ក្រុមហ៊ុន Huawei នឹងមិនបង្កើត រថយន្តដោយខ្លួនឯងទេ ជាការសម្រេចចិត្តប្រកប ដោយការប្រុងប្រយ័ត្ន ដែលខ្លួនបានធ្វើបន្ទាប់ពីបានពិចារណា អស់ជាច្រើនឆ្នាំ ។ ទោះបីជាគូប្រជែង ដូចជាក្រុមហ៊ុន Xiaomi Corp បានចូលប្រឡូកក្នុងអាជីវកម្មផលិតរថយន្តក៏ដោយក៏ក្រុមហ៊ុន Huawei បានសម្រេចចិត្តនៅឆ្ងាយពីការផលិត ។
ផ្ទុយទៅវិញក្រុមហ៊ុនបានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍអ្នកបើកបរ នាពេលអនាគត ពោលគឺបច្ចេកវិទ្យាបើកបរ ដោយខ្លួនឯង សម្រាប់អ្នកផលិតរថយន្ត។
លោក Xu បានបន្តថា នោះគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីបង្កើនកម្លាំងរបស់ក្រុមហ៊ុន Huawei ក្នុងបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងជួយក្រុមហ៊ុនផលិត រថយន្តឲ្យផលិតរថយន្តបានល្អជាងមុន ។ ក្រុមហ៊ុន Huawei ឥឡូវនេះកំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនផលិតរថយន្ត ដែលមានទីស្នាក់ការ ធំ នៅទីក្រុងប៉េកាំង គឺ BAIC Group ដើម្បីអភិវឌ្ឍរួមគ្នា នូវរថយន្តសម្រាប់ម៉ាកឡាន អគ្គិសនីអគ្គិសនីម៉ាក Arcfox ។
នាយកប្រតិបត្តិជាន់ខ្ពស់បានបន្ថែមទៀតថា ការរឹតត្បិតរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក លើក្រុមហ៊ុន Huawei កំពុងបង្កឲ្យមានភាពភិតភ័យ ក្នុងចំណោមក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការស្តុកទុកផលិតផល អេឡិចត្រូនិច៕