បច្ចេកវិទ្យា

ពិភពហ្គេម Xbox Cloud ពង្រីកដល់ឧបករណ៍ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សApple 

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Microsoft បានចាប់ផ្តើមដំណើរការសាកល្បងនៃការអនុញ្ញាត ឲ្យមនុស្សលេងហ្គេម Cloud ដោយប្រើឧបករណ៍ចល័ត ក្រុមហ៊ុនផលិតiPhone Apple ក៏ដូចជាកុំព្យូទ័រដើរដោយ Windows យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការធ្វើតេស្តិ៍តូចតាចនេះ បានរីករាលដាលពាសពេញ ២២ ប្រទេសគឺជាជំហាន មួយរបស់អ្នកបង្កើតហ្គេម Xbox ដើម្បីអនុញ្ញាតឲ្យលេងហ្គេម តាមកន្លែងកម្សាន្តដោយប្រើស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រផ្ទាល់ខ្លួន ហើយបញ្ជីឈ្មោះប្រទេសរួមមានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។
លោក Catherine Gluckstein អនុប្រធានគម្រោងនេះបាននិយាយនៅក្នុងប្លុកមួយថា នេះគឺជាជំហានដ៏គួរឲ្យរំភើបមួយនៅក្នុងដំណើររបស់យើងដើម្បីនាំយកហ្គេមទៅឲ្យអ្នកលេងចំនួន ៣ ពាន់លាននាក់នៅជុំវិញពិភពលោក។ លោក Gluckstein បានបន្តថា ចំនួនអតិថិជនដែលមានកំណត់នៃហ្គេម Xbox Game Pass Ultimate នឹងទទួលបានលិខិតអញ្ជើញដើម្បីអាចចូលមើលកាតាឡុករាប់រយចំណងជើងតាមរយៈកម្មវិធីរុករកបណ្តាញអ៊ីនធើណេត Edge, Chrome ឬ Safari។

ក្រុមហ៊ុន Microsoft គ្រោងនឹងធ្វើឲ្យជម្រើសនេះអាចប្រើបានសម្រាប់អតិថិជនចុងក្រោយទាំងអស់នៅក្នុងប៉ុន្មានខែខាងមុខនេះប្រសិនបើការធ្វើតេស្តិ៍នេះដំណើរការល្អ។ យោងតាមតួលេខបានចេញផ្សាយកាលខែមករាដោយប្រធានក្រុមហ៊ុន Microsoft លោក Satya Nadella បានឲ្យដឹងថា Xbox Game Pass មានអតិថិជនជាវចំនួន ១៨ លាននាក់នៅទូទាំងពិភពលោកនៅចុងឆ្នាំនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top