ម៉ូស្គូ៖ សាជីវកម្មរ៉ុក្កែត និងអវកាស របស់ប្រទេសរុស្ស៊ីឈ្មោះ Energia បានឲ្យដឹងថា ខ្លួនមានបំណង បញ្ជូននាវិកដំបូង ទៅស្ថានីយ៍អវកាសផ្ទាល់ របស់ប្រទេសនេះ នៅឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

អគ្គនាយករងដំបូងបង្អស់ នៃក្រុមហ៊ុន Energia បានឲ្យដឹងថា “ប្រសិនបើយើងចាប់ផ្តើម ម៉ូឌុលវិទ្យាសាស្ត្រ និងថាមពលនៅ ឆ្នាំ២០២៥ បេសកកម្មមនុស្សជាតិដំបូងគេ អាចត្រូវបានធ្វើឡើង នៅឆ្នាំ២០២៦” ។
លោក Dmitry Rogozin ប្រធានសាជីវកម្មអវកាស រដ្ឋ Roscosmos របស់ប្រទេសរុស្ស៊ី បានសរសេរនៅថ្ងៃអង្គារ កន្លងទៅនេះថា ម៉ូឌុលស្នូលសម្រាប់ស្ថានីយ៍អវកាស រុស្ស៊ីថ្មី កំពុងត្រូវបានសាងសង់ ហើយ Energia ត្រូវបានប្រគល់ភារកិច្ច ដើម្បីធានាការត្រៀមខ្លួន សម្រាប់ការបាញ់បង្ហោះ នៅឆ្នាំ២០២៥ ។
នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ ដែលចាក់ផ្សាយ នៅថ្ងៃអាទិត្យនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Borisov បានលើកឡើងថា ប្រទេសរុស្ស៊ី អាចនឹងចាកចេញ ពីស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅដើមឆ្នាំ២០២៥ ។
ក្រោយមកលោក បានបញ្ជាក់ច្បាស់ថា មិនមានការសម្រេចចិត្តច្បាស់លាស់ ក្នុងការឈប់ពី (ISS) នៅឆ្នាំ២០២៥ ហើយបច្ចុប្បន្ននេះ មានការពិភាក្សា បន្តអំពីការដកជាបណ្តើរៗ ពីគម្រោងនេះ និងការបង្កើតស្ថានីយ៍ជាតិថ្មី៕
ដោយ៖ ឈូក បូរ៉ា

