បរទេស៖ មន្ត្រីទីភ្នាក់ងារអវកាស ជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងពិភាក្សាគ្នាស្តីពីការកសាងប្រព័ន្ធការពារមួយ សម្រាប់ទប់ទល់នឹងអាចម៍ផ្កាយស្ថិតនៅជិតផែនដី ស្របពេលដែលប្រទេសនេះ បង្កើនកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេច មហិច្ឆតាអវកាសរយៈពេលវែងរបស់ខ្លួន។
លោក Zhang Kejian ជាប្រធានរដ្ឋបាលអវកាសជាតិចិន តាមសេចក្តីរាយការណ៍ មិនបានផ្តល់សេចក្តីលម្អិតបន្ថែម ក្នុងសុន្ទរកថាបើកកម្មវិធីរបស់លោក នៅក្នុងពិធីសម្រាប់ទិវាអវកាសរបស់ប្រទេសចិន ក្នុងទីក្រុងណានជីងនោះទេ។
ប្រទេសចិន ចាត់ទុកការរុករកក្នុងលំហ គឺជាអាទិភាពកំពូលមួយ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគោលបំណងបង្កើតកម្មវិធី ដែលធ្វើការហោះហើរទៅក្នុងលំហចំនួនរាប់ពាន់ក្នុងពេលមួយឆ្នាំ និងដឹកជញ្ជូនទំនិញរាប់សិបពាន់តោននិងអ្នកដំណើរ នៅត្រឹមឆ្នាំ២០៤៥។
គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SWI នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ជាមួយប្រទេសរុស្ស៊ី កាលពីខែមុន ដើម្បីបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទ៕
ប្រែសម្រួល៖ប៉ាង កុង