ក្រុមហ៊ុន Facebook ត្រូវបានក្រុមអ្នកជំនាញផ្នែកទិន្នន័យអឺរ៉ុប ដាក់ការសន្និដ្ឋានថា អាចនឹងបាត់បង់ចំណូលខ្ទង់ ២ ប៊ីលានដុល្លារ ប្រសិនបើ ៨០% នៃអ្នកប្រើ Facebook លើ iPhone អាប់ដែតឡើងទៅ iOS 14.5។ ទំហំទឹកប្រាក់ខាងលើនេះ បានមកពីលទ្ធផល នៃការគណនាចំណូល សរុបរបស់ហ្វេសប៊ុកកាលពីត្រីមាសទី៤ ឆ្នាំមុន ។
Mark Zuckerberg និង Tim Cook | រូបថតដោយ៖ GettyImage
ថ្មីៗនេះ iOS14.5 បានប្រកាសចេញផ្លូវការហើយ ។ នេះគឺជាចំណុចរសើបមួយ របស់ Facebook ដោយសារតែហ្វេសប៊ុក ជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម អនឡាញដ៏ធំជាងគេ ។ ទិន្នន័យដែលពួកគេយកទៅប្រើប្រាស់ ត្រូវបាន Apple បកអាក្រាតថា បានមកពីការលួចយកឬតាមដានទម្លាប់អ្នកលេងហ្វេសប៊ុក ។
Apple មានគោលការណ៍តាំងពីដើមមក គោរពសិទ្ធអ្នកប្រើ ដូចដែលពាក្យស្លោកប្រចាំត្រកូល «Privacy, That’s iPhone» ។ ដូច្នេះ Apple សង្ឃឹមថាអ្នកប្រើអាប់ដែតទៅ iOS 14.5 នឹងចុចយកពាក្យថា No ព្រោះកាលណាអ្នកប្រើ អាប់ដែតឡើងទៅ iOS 14.5 នោះពួកគេនឹងមានជម្រើស ២ ចង់ «បិទ ឬ បើក» មុខងារ App Tracking Transparency ដែលក្នុងនោះ Apple ក៏មានបង្កប់ការបិទ មុខងារសម្ងាត់មួយទៀតគឺ access a device ID ឬពាក្យពេញ Identifier for Advertisers-IDFA កន្លងមកហ្វេសប៊ុក ទាញយកមកប្រើជាច្រើនឆ្នាំ ។
រឹតតែធ្ងន់ជាងនេះទៀតនោះគេដឹងថា អ្នកប្រើហ្វេសប៊ុកលើ iPhone ច្រើនជាង ៩០% ឯណោះ គិតតែនៅលើទឹកដីសហរដ្ឋអាមេរិកមួយគត់។ សរុបទៅចង់ឬមិនចង់ ចំណូល Facebook នៅត្រីមាសទី២ ឆ្នាំ ២០២១ នេះច្បាស់ជាធ្លាក់ចុះជាក់ជាមិនខាន។ តើ Facebook ចេញមុខដោះស្រាយយ៉ាងណា សូមតាមដានភាគបន្ត ៕ sabay