បច្ចេកវិទ្យា

អ្នកផ្សេងធ្វើតាមព្រាត បន្ទាប់​ពី​ការសម្រេចចិត្ត ទាំង​នេះ​របស់ Apple ប្ដូររបត់បច្ចេកវិទ្យា១៨០ដឺក្រេ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧបករណ៍ប្រើប្រាស់ដោយប្រើខ្សែ និងប្រើរន្ធសម្រាប់តភ្ជាប់ ទៅសម្ភារៈផ្សេងៗ ត្រូវបានផ្លាស់ប្ដូរជាខ្លាំង ឬខ្លះទៀតបាន​ផ្លាស់ប្ដូរ ១៨០ ដឺក្រេតែម្ដង ដែលធ្វើឱ្យអ្នកប្រើប្រាស់ឈឺក្បាល ហើយ​វា​ក៏​ជាផ្លូវមួយទៀត ដើម្បីឱ្យក្រុមហ៊ុនទាំងនោះ កើបលុយមិនស្ទើរដែរ ។ ជាក់ស្ដែងដូចជា ក្រុមហ៊ុន Apple ដែលដើរ​ដើរ​តួ​មុន​គេ ក្នុង​ការ​បម្លាស់ប្ដូររបត់បច្ចេកវិទ្យាទាំងនេះ តួយ៉ាងដូចជា ៖

១. ដករន្ធដោតកាសចេញ នៅក្នុងឆ្នាំ២០១៦ Apple បញ្ចេញ iPhone 7 & 7 Plus ដោយធ្វើការសម្រេចចិត្តដ៏ធំមួយ គឺដករន្ធដោតកាសស៊េរីចាស់ 3.5mn ចេញ។ ហើយនេះក៏ជាហេតុផល ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើន រិះគន់យ៉ាងខ្លាំង ត្បិតអំឡុងពេលសាកថ្ម អ្នកប្រើមិនអាចស្ដាប់ កាសបានឡើយ។

ប៉ុន្ដែក្នុងរឿងមិនល្អ ក៏មានអត្ថប្រយោជន៍ របស់វាផងដែរ ក្នុងពេលដំណាលគ្នាប្រកាសចេញ iPhone ជំនាន់ថ្មី Apple បានបញ្ចេញ កាសឥតខ្សែ AirPod ដើម្បីឱ្យអ្នកប្រើ អាចស្ដាប់កាសបាន អំឡុងពេលបញ្ចូលថ្ម ។ ជាលទ្ធផល នៅក្នុងឆ្នាំ២០២១ កាសឥតខ្សែ AirPod បានក្លាយជាកាសឥតខ្សែ ដែលលក់ដាច់បំផុតនៅលើពិភពលោក។

២. ដករន្ធសំខាន់ៗចេញ នៅក្នុងឆ្នាំ២០១៦ Apple ប្រកាសចេញឡេបថប Macbook Pro ដោយសម្រេចដករន្ធដោយសំខាន់ៗចេញ ដូចជារន្ធ HDMI, រន្ធ USB, រន្ធ Thunderbolt និងរន្ធ Card reader ដោយដាក់តែរន្ធដោត USB-C ចំនួន៤ និងរន្ធដោតកាស១តែប៉ុណ្ណោះ។ ការដករន្ធសំខាន់ៗទាំងនេះចេញ Apple អះអាងថា គឺដើម្បីឱ្យតួខ្លួនរបស់ Macbook ឱ្យមានរាងស្ដើង។

ប៉ុន្ដែផ្ទុយពីនេះទៅវិញ Apple បានលក់ Accessory សម្រាប់ Macbook Pro ជាច្រើនលើគេហទំព័ររបស់ខ្លួន ដើម្បីឱ្យអ្នកប្រើនៅតែអាចភ្ជាប់ឧបករណ៍ផ្សេងៗ ទៅកាន់ Macbook Pro តាមរន្ធចាំបាច់ ដែលពួកគេត្រូវការ។

៣. ដកដុំសាកថ្មចេញ នៅឆ្នាំ២០២០ Apple ប្រកាសចេញត្រកូល iPhone 12 ដោយមិនដាក់ដុំសាកក្នុងប្រអប់ ដោយប្រើហេតុផលដើម្បីថែរក្សារបរិស្ថាន។

ប៉ុន្ដែក្នុងពេលដំណាលគ្នាពួកគេ ក៏ប្រកាសចេញ ដុំសាកដោយមិនប្រើខ្សែ MagSafe ដែលនេះជាបំណង ចង់ឱ្យអ្នកប្រើងាកមកទិញដុំសាកជំនាន់ថ្មរបស់គេវិញម្ដង។

ទោះយ៉ាងណាក៏ដោយ ត្បិតថាផលិតផល Apple តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ពិសេសនៅក្នុងទីផ្សារបច្ចេកវិទ្យា ទើបធ្វើឱ្យពួកគេនៅតែអាចរកចំណូលយ៉ាងច្រើន បោះទោះបីផលិតទាំងនោះមានដំណឹងអវិជ្ជមានពីវាយ៉ាងណាក៏ដោយ។

Apple មិនបានប្រកាសពីចំណូលអំពីការលក់គ្រឿង Accessory របស់ខ្លួនឡើយ ប៉ុន្ដែបើយោងទៅតាម លោក Patrick Moorhead ដែលជាអ្នកស្រាវជ្រាវបច្ចេកវិទ្យាជាន់ខ្ពស់នៅស្ថាប័ន Moor Insights & Strategy បានប៉ាន់ស្មានថា ប្រាក់ចំណូលពីការលក់ Accessory ទាំងនោះ គឺប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ នៅឆ្នាំ ២០២០៕ sabay

Most Popular

To Top