បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ គេអាចកំណត់បាននូវព័ត៌មាន ជាក់លាក់មួយចំនួន ពីកំណាត់ស្នូលទម្ងន់ជាង ២០ តោននៃគ្រាប់រ៉ុកែតរបស់ចិន អាចនឹងធ្លាក់នៅម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃទី ៨ ឧសភាឆ្នាំ ២០២១ និងមានភាគរយខ្ពស់ធ្លាក់ចូលមហាសមុទ្រឥណ្ឌា។
យោងទៅតាមប្រភពច្បាស់ការណ៍ ពីអង្គភាពសន្តិសុខសុវត្ថិភាពកម្មវិធីអវកាស The Aerospace Corporation បានបញ្ចេញទិន្នន័យអាប់ឌែតចុងក្រោយបំផុត មុននេះបន្តិចថា ស្នូលនៃម៉ូឌុលគ្រាប់រ៉ុកែត ចិន Long March 5B នឹងធ្លាក់មកដល់ក្នុងស្រទាប់បរិយាកាសវិញដែលមានភាគរយខ្ពស់ជាង ៧០% ធ្លាក់ចូលមហាសមុទ្រឥណ្ឌា។
ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពី ការបាញ់គ្រាប់រ៉ុកែតចេញពីដីលើកោះ ហៃណាន កាលពីថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២១ ក្នុងបេសកម្មបញ្ជូនម៉ូឌុលដំបូង សម្រាប់សាងសង់ស្ថានីយ៍អវកាស (CSS) ដោយខ្លួនឯងពីសំណាក់រដ្ឋាភិបាលចិនឈ្មោះថា Tianhe ហោះចាកគន្លងដែលបានគណនាទុក បណ្ដាលឲ្យបាត់បង់ការបញ្ជាគ្រប់គ្រង។
ដំណឹងនៃការធ្លាក់នេះ គេអាចដឹងបានតាមរយៈប្រើប្រាស់តេឡេស្កុបយក្សមួយឈ្មោះថា Telescope’s Gianluca Masi ដែលអាចមើលឃើញច្បាស់ជាងគេនៅ ទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
រំឮកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេចំពោះព្រឹត្តិការណ៍ធ្លាក់កំណាត់ឬបំណែកនៃរ៉ុកែត ឬបំណែកផ្កាយរណបណាមួយ។ ជាក់ស្ដែង ចិន ធ្លាប់បរាជ័យ គិតទាំងលើកនេះដែរ បីដងមកហើយ ចំណែកឯរុស្ស៊ី និងសហរដ្ឋអាមេិកក៏ធ្លាប់ធ្លាក់ដែរ។
សូមរង់ចាំភាគបន្តក្រុមការងារនឹងព្យាយាមចុះផ្សាយជូនពី ព្រឹត្តិការណ៍ស្រដៀងគ្នា តើមានប្រទេសណាខ្លះធ្លាប់ជួបរឿងអាម៉ាស់បែបនេះពីអតីតកាល?
ប្រភព៖ Sabay