បច្ចេកវិទ្យា

មូលដ្ឋានប្រព័ន្ធ THAAD កូរ៉េខាងត្បូង ទទួលបានគ្រឿងផ្គត់ផ្គង់ថ្មី ស្របពេលមានការតវ៉ា 

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបន្តធ្វើការបញ្ជូនឧបករណ៍ផ្គង់ផ្គង់សំខាន់ៗ ទៅកាន់មូលដ្ឋានប្រព័ន្ធការពារដែនអាកាស THAAD ដែលស្ថិតនៅក្នុងទីក្រុង Seongju ប្រទេសកូរ៉េខាងត្បូង។

រថយន្តយោធានានា ដែលរួមានទាំងរថយន្តដឹកទឹកផង ត្រូវបានគេប្រទះឃើញបើកចូល ក្នុងមូលដ្ឋាននោះកាលពីថ្ងៃអង្គារ ក្រោយពេល៤ថ្ងៃបន្ទាប់ពី មានការដឹកជញ្ជនមួយផ្សេងទៀត បានកើតមានឡើង បើទោះជាមានការជំទាស់ប្រឆាំងនៅក្នុងចំណោមប្រជាជនក្នុងតំបន់ ចំពោះមូលដ្ឋាននោះក៏ដោយ។

អ្នកតវ៉ា នៅពេលថ្មីៗនេះ បានប្រមូលផ្តុំគ្នានៅកន្លែងមូលដ្ឋាននោះ នៅពេលដែលមានការដឹកជញ្ជូន កាលពីម៉ោងប្រហែល៦ព្រឹកថ្ងៃអង្គារ ហើយយោងតាមកាសែត Dong-A បានឲ្យដឹងថា មនុស្សជាង៣០នាក់ បានព្យាយាមរារាំងមិនឲ្យរថយន្តចូលទៅក្នុងមូលដ្ឋានប្រព័ន្ធការពារដែនអាកាសនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា ប៉ូលិសបានស្នើឲ្យប្រជាជនចាកចេញ និងនៅម៉ោង៦និង៣០នាទី ប៉ូលិសបានបង្ខំឲ្យក្រុមអ្នកតវ៉ាបំបែកគ្នា។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និងកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ បាននិយាយប្រាប់ថា រថយន្តបានធ្វើការដឹកជញ្ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំាបាច់នានា ដែលរួមមានទាំងទឹកសម្រាប់ផឹកផងដែរ៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top